បុរសកំសត់ម្នាក់ ត្រូវរន្ទះបាញ់ប្រកាច់ស្លាប់ភ្លាមៗ ខណៈកំពុងបង់ត្រី

0

ភ្នំពេញ៖ បុរសម្នាក់កំពុងបង់ត្រីត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ស្ថិតនៅចម្ងាយ១,៥០០ម៉ែត្រ ខាងលិច ភូមិប៉ោយស្នួល ឃុំប៉ោយចារណ៍ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ២ និង៤០នាទីរសៀល ។

ជនរងគ្រោះឈ្មោះ ហៃ ព្រឿង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នៅមុនពេលកើតហេតុជនរងគ្រោះ និងមានអ្នកភូមិជាច្រើននាក់ទៀត បាននាំគ្នា ទៅបង់ត្រីនៅចំណុចប្រឡាយទំនប់ធំខាងលិច ភូមិប៉ោយស្នួលចំងាយ ១,៥០០ម៉ែត្រ។ នៅពេលដែលកំពុងបង់នោះ ស្រាប់តែមានភ្លៀងធ្លាក់មួយមេ (មធ្យម) ហើយអ្នកបង់ត្រីទាំងនោះ រួមទាំងជនរងគ្រោះ បាននាំគ្នាទៅជ្រកនៅរោងក្បែរកន្លែងបង់ត្រី។ បន្ទាប់មកក្រោយភ្លៀងបង្អោរស្រិចៗ ជនរងគ្រោះនិង ក្មេងៗចំនួន ២នាក់ទៀត បានចេញពីរោងដើម្បីបង់ត្រីទៀត នៅពេលកំពុងតែឈររលាស់សំណាញ់ ក៏ត្រូវរន្ទះបាញ់ជនរងគ្រោះដែលឈរនៅកណ្តាល បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងបង់នោះតែម្តង ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញសហការណ៍ជាមួយ ប៉ុស្តិ៍រដ្ឋបាលឃុំប៉ោយចារ ចុះពិនិត្យសពនៅកន្លែងកើតហេតុ ជនរងគ្រោះមានរហែកខោ និងស្នាមជាំជិតគ្រលៀន ពិតជាស្លាប់ដោយរន្ទះបាញ់ប្រាដកមែន។ ក្រោយពិនិត្យរួចសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយក ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕