កងអង្គរក្សម្នាក់ បើកម៉ូតូលឿនជ្រុលទៅបុកគោយន្តកន្ត្រៃ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

0

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិង គោយន្តកន្ត្រៃយ៍ បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ២៥១ – ២៥២ ។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងបានអោយដឹងថា : នៅភូមិពោធិសេរីមានគ្រោះ ថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1K1305 បើកបរដោយឈ្មោះឡេង គឹមសំ ភេទប្រុស អាយុ ៣៥ឆ្នាំមានទីលំនៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មុខរបរ កងអង្គរក្សលេខ៤៩៩ បេីកបរម៉ូតូក្នុងល្បឿនលឿនទិស ដៅពីលិច ទៅទិសខាងកើត បានបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំណែក អ្នកបើកបរគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់ ។ ក្នុងហេតុការណ៍នេះ បានបណ្តាលអោយខូចខាតម៉ូតូចំនួន ០១គ្រឿង និង គោយន្តកន្ត្រៃចំនួន ០១គ្រឿង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែងធ្វើកំណត់ ហេតុ និងប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យ តាមប្រពៃណី ។ រីឯវត្ថុតាង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕