ឃាត់ខ្លួនជនជាតិកាម៉ារូនម្នាក់ ករណីឆបោកប្រាក់ជិត ៣០ម៉ឺនដុល្លារ

0

ភ្នំពេញ៖ កម្លាំងស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ បានចាប់ខ្លួនជនជាតិកាម៉ារូនម្នាក់ ពាក់ព័ន្ធបទល្មើសចំនួន៣ គឺ «ឆបោកប្រាក់ជិត ៣០ម៉ឺនដុល្លារ, លួចមានស្ថានទម្ងន់ទោស និងកំហែងយកមានស្ថានទម្ងន់ទោស»។

លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោយពីទទួលបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស និងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលចោទថា ជនសង្ស័យបានប្រព្រឹត្តទៅលើខ្លួន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងពាក្យបណ្ដឹងជនរងគ្រោះ បានបញ្ជាក់ថា ជនសង្ស័យនៅតែបន្តធ្វើសកម្មភាពឆាតតាម What’s App ទារប្រាក់ពីជនរងគ្រោះបន្ថែមទៀតចំនួន ៣៥ម៉ឺនដុល្លារ ដែលខ្លួនជនសង្ស័យបានទទួលប្រាក់លើកទី១ ចំនួន២៨៧,៥០០ដុល្លារ រួចហើយ។

កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៉ឹម ចាន់ណារ៉ា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ASHU GEORGE EBOT អាយុ៣៨ឆ្នាំ ជនជាតិ CAMERROONIAN ហើយបានធ្វើការឆែកឆេរ កន្លែងស្នាក់នៅរបស់ជនសង្ស័យនៅ Apartment Baly 3 បន្ទប់លេខ B១៦ ជាន់ទី១៧ ផ្លូវកែវចន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ជាលទ្ធផល កម្លាំងអាវុធហត្ថដកហូត បានក្រដាសពុម្ពពណ៌ខ្មៅ សម្រាប់ផលិតដុល្លារ១ដុំ, ក្រដាសសម្រាប់ផលិតលុយដុល្លារ៣ដុំ, ដបទឹកថ្នាំសម្រាប់លាយដើម្បីផលិតលុយដុល្លារ ដបធំ១ ដបតូច៥ដប, ម្សៅស១ថង់ ដបប្រេង១ចំនួន, លុយដុល្លារចំនួន៧,១០០ដុល្លារ និងដុល្លារពុម្ព ៥០០ដុល្លារ, រថយន្តម៉ាក់ Toyota Yaris ស្លាកលេខភ្នំពេញ 2I-7337។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕