ម្ដាយខំនាំកូនស្រីធ្វើការ នៅហាងលក់មីឆា ក្នុងបុរីពិភពថ្មីកួរស្រូវបាន ៥ថ្ងៃ បែរជាត្រូវថៅកែដាក់ថ្នាំរំលោភ ៣ថ្ងៃជាប់ៗគ្នា

0

ភ្នំពេញ​៖ យុវតីម្នាក់ត្រូវបានថៅកែ ហាងលក់មីឆាបាយឆា ក្នុងបុរីពិភពថ្មីកួរស្រូវ នៅសង្កាត់រលួស ខណ្ឌដង្កោ ដាក់ថ្នាំងងុយដេកចាប់រំលោភបានសម្រេច ៣ថ្ងៃជាប់ៗគ្នា ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល ក្រោយម្ដាយយុវតីរងគ្រោះ បាននាំកូនមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលរលួស កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ។

បើតាមយុវតីរងគ្រោះ និងម្តាយ បានរៀបរាប់ថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះស្ត្រីជាម្តាយ បាននាំកូនស្រីរបស់គាត់ មកបំរើការរត់តុនិងលាងចាន នៅហាងលក់មីឆាបាយឆាមួយកន្លែង ស្ថិតនៅក្នុងបុរីពិភពថ្មីកួរស្រូវ រយ:ពេល ៥ថ្ងៃកន្លងផុតទៅស្រាប់តែកូនស្រី របស់គាត់បានតេប្រាប់ថា ឲ្យមកយកនាងត្រឡប់ទៅផ្ទះជួលវិញផង ព្រោះនាងត្រូវបានថៅកែប្រុស ដែលជាម្ចាស់ផ្ទះឲ្យផឹកថ្នាំងងុយដេក ទន់ដៃទន់ជើងហើយបានចាប់រំលោភនាង បានសម្រេចជាច្រើនដងរហូត ៣ថ្ងៃជាប់ៗគ្នា ក្រោយពីទទួលបានដំណឹងអាក្រក់នេះភ្លាម​ ម្តាយជនរងគ្រោះបានទំនាក់ទំនងទៅកាន់វិទ្យុមួយ ធ្វើការLive ដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ចខណ្ឌដង្កោ។

ក្រោយពេលម្តាយយុវតី បានដាក់ពាក្យបណ្តឹងភ្លាមៗនោះ​ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលរលួស ចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងអនុវត្តន៍តាមនីតិវិធី ៕