ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតដោយបញ្ចប់ជីវិត នៅត្រឹមអាយុ៦៤ឆ្នាំ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៩ និង១០នាទី នៅចំណុចខាងលិចខ្មោចលាវ ក្បែរជើងភ្នំ ស្ថិតក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុក តាលោសែនជ័យ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ទេព ឆន ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង លើ ផឹកស្រាស្រវឹងជោគជាំស្ទើរគ្មានថ្ងៃសម្រាក រួចដើរបាត់ពីផ្ទះរហូតដល់ថ្ងៃកើតហេតុ ទើបទទួលដំណឹងថា ជនរងគ្រោះ បានធ្វើ អត្តឃាត ដោយយកអាវដៃវែងចងកសម្លាប់ខ្លួន នៅលើដើមឈើក្នុងព្រៃដំបូកពីខាងកើតផ្ទះរបស់ជនរងគ្រោះប្រហែលជាង ២០០ ម៉ែត្រ ។ ហេតុការណ៍នេះបានធ្វើឲ្យមានការ ភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន ចុះដល់កន្លែងកើតតែម្តង។
លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល មូលដ្ឋាននិងលោកមេឃុំតាលោ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមៗនោះ សមត្ថកិច្ចបាន ចុះទៅដល់កន្លែងកើតហេតុយកខ្សែហ៊ុមព័ទ្ធ រង់ចាំជំនាញទៅធ្វើការ ត្រួតពិនិត្យនៅព្រឹកថ្ងៃទី១២នេះ។
ក្រោយពីការពិនិត្យសមត្ថកិច្ចបាន ធ្វើការស្រាវជ្រាវជុំវិញករណីនេះហើយសន្និដ្ឋានថា ជនរងគ្រោះចងកសម្លាប់ខ្លួនដោយសារ តែរូបគាត់វង្វេងបាត់ការចងចាំ និយាយមិនដឹងខុសត្រូវ ចេះតែភ័យខ្លាចខ្មោចព្រាយបីសាច មកធ្វើបាបនិងចាប់ខ្លូនយកទៅ។
តែបើតាមការបំភ្លឺរបស់គ្រួសារជនរងគ្រោះ បានបញ្ជាក់ដូចទៅនិងប្រភពខាងលើនេះដែរ ជនរងគ្រោះជាមនុស្សស្រវឹងព្រឹកល្ងាច គ្មានថ្ងៃណាមួយខានបានឡើយ។ សមត្ថកិច្ចបានបន្តថា ក្រោយពេលពិនិត្យសមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់សាកសពជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕