ភ្នំពេញ៖ ផ្ដើមចេញពីស្នេហាត្រីកោណ រវាងដន្លងស្រឡាញ់ប្រពន្ធដន្លង ធ្វើឲ្យបុរសជាប្ដីខឹងសម្បារ ដកកាំភ្លើងខ្លីបាញ់ប្រហារ ដន្លងខ្លួនឯងធ្លាយពោះ រងរបួសធ្ងន់ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីម៉ោងជាង ៣រសៀល នាថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា, ជនរងគ្រោះឈ្មោះ ង៉ែត សាយ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ (ពោះម៉ាយ) ចំណែកជនសង្ស័យឈ្មោះ សោម សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ និងមានប្រពន្ធឈ្មោះ ផាន់ សុខុន អាយុ៤៩ឆ្នាំ រស់នៅចំណុចផ្សារចាស់ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជនបង្កមានមុខរបរ ជាគ្រូហ្វឹកហ្វឺនផ្នែកទាហាន ដោយមានកាំភ្លើងជាប់ក្នុងដៃ ទើបសមត្ថកិច្ចធ្វើការឡោមព័ទ្ធ អស់រយៈពេលជាង១ម៉ោង និងប្រើវិធានលួងលោមឱ្យជនបង្កសារភាព សមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ដើម្បីយកទៅធ្វើការសាកសួរតាមនីតិវិធី។
បើតាមអ្នកជិតខាង បានបង្ហើបឱ្យដឹងថា ករណីបាញ់ដន្លង និងដន្លងនេះកើតមកពីភ្លើងប្រចណ្ឌ ដោយជនរងគ្រោះស្រឡាញ់ ប្រពន្ធដន្លងជាជនសង្ស័យ។
ករណីនេះ សមត្ថកិច្ចបានធ្វើឡោមព័ទ្ធផ្ទះជនសង្ស័យ រហូតដល់ម៉ោង ៥៖២០នាទីថ្ងៃដដែល ដោយឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតបានអាវុធខ្លី ១ដើម ម៉ាកK៥៤។ ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការបន្ត ។