ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូ នៅចំណុចក្បែរ រង្វង់មូលស្រីកងស្រូវ កាលពីម៉ោង ៨៖១០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ហើយភ្លាមៗលោក ចាប វីណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីដោះស្រាយបញ្ចប់រឿង ស្រាប់តែត្រូវគេវាយចំនួន ៣ដៃទៅវិញ ។
បើតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលនាំឲ្យលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលរលួស ត្រូវគេវាយចំនួន ៣ដៃនោះ គឺផ្តើមឡើងដោយសារហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តព្រូស ប៉ះគ្នាតិចតួចជាមួយ ម៉ូតូសេ១២៥ ដោយគ្មានរបួសនោះទេ នៅចំណុចក្បែររង្វង់មូលស្រីកងស្រូវ ភ្លាមៗនោះក៏មានសមត្ថកិច្ច ប៉ុស្តិ៍រលួស២ទៅ៣នាក់ ខំជួយសម្របសម្រួលផងដែរ ប៉ុន្តែដោយសារភាគីទាំងសងខាងចចារគ្នាមិនត្រូវ ទើបលោក ចាប វីណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ព្យាយាមចុះមកដោយផ្ទាល់ ក្នុងគោលបំណងជួយដោះស្រាយបញ្ចប់រឿង គ្រាកំពុងតែបញ្ចេញមត្តិយោបល់ ស្រាប់តែគេស្ទុះវាយចំនួន ៣ដៃ ត្រូវចំផ្ទៃមុខ ចំនួន ២ដៃ និង កញ្ចឹងក ចំនួន ១ដៃ ដែលធ្វើអោយមេប៉ុស្តិ៍ស្រលាំងកាំងរកនិយាយអ្វីមិនចេញ ដូច្នេះមានតែទំនាក់ទំនងទៅកាន់សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ នាំយកមធ្យោបាយទាំង ២គ្រឿង ព្រមទាំងអ្នកបើកបរទាំងសងខាង យកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕