ភ្នំពេញ៖ កម្លាំងនគរបាលផ្នែក ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេក Iman-KH បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនិងករណី ប្រើវោហាស័ព្ទដៀមដាម ថ្នាក់ដឹកនាំ «ទិញម៉ាស់ពាក់អោយមាន់» ។
ការចាប់ខ្លួនឈ្មោះ នី ណាក់ ខាងលើ គឺអនុវត្តតាមដីកាបង្គាប់របស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
សូមរំលឹកថា កន្លងមកថ្មីៗនេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងតាមបណ្តាញសង្គម Telegram កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ថា លោកបានឲ្យមន្ត្រីស្រាវជ្រាវអំពីករណីថា តើកសិដ្ឋានរបស់បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេកឈ្មោះ IMan-KH នោះ មានកើតជំងឺផ្តាសាយបក្សី ពិតមែនឬទេ? ។
ហ្វេសប៊ុកផេកឈ្មោះ IMan-KH ដែលកាន់កាប់ដោយនីតិបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀមឬព្រៀងលិខិត និងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ច របស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់»។ សំណេររបស់ឈ្មោះ នី ណាក់ ដែលបានបង្ហោះខ្លឹមសារ ក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្លួន ត្រូវបានមជ្ឈដ្ឋានជាច្រើនកំពុងជជែកគ្នា និងអះអាងថា កំពុងឌឺដង ឬ ផ្គើននឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
តាមការអង្កេត និងការស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញរកឃើញថា ឈ្មោះ នី ណាក់ កន្លងមក តែងតែដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និងស្ថាប័នរដ្ឋ ជាញឹកញាប់ តែហាក់គ្មានអ្វីកើតឡើង ចំពោះបុគ្គលម្នាក់នេះទាល់តែសោះ ៕