ហួសចិត្ត! បុរសម្នាក់ស្រវឹងស្រា ទាញកាំបិតខ្វែវដេញកាប់ប្រពន្ធមិនបាន ដុតផ្ទះចោលខ្ទេច

0

ភ្នំពេញ៖ បុរសម្នាក់ ផឹកស្រាស្រវឹង ហើយតែងតែបង្ករករឿងឈ្លោះក្នុងគ្រួសារ បានខឹងប្រពន្ធ បានទាញកាំបិតខ្វែវ ដេញកាប់ប្រពន្ធ តែត្រូវប្រពន្ធដឹងខ្លួនទាន់ក៏រត់គេចផុតរួចខ្លួន តែត្រូវបុរសជាប្តីដុតផ្ទះចោល កាលពីម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុក ភ្នំស្រុក បានឲ្យដឹងថា៖ តាមបណ្តឹងពីជនបង្កឈ្មោះ ឈ្មោះព្រឹម បួត ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យថា មានឈ្មោះវ៉ាន វ៉ោន ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវជាប្ដីរបស់គាត់ មកពីដើរផឹកស្រាស្រវឹងហើយបង្ករករឿងក្នុងគ្រួសារ និងបានឈ្លោះប្រកែកគ្នាជាមួយនឹង គាត់រហូតឈានដល់ការប្រតាយប្រតប់គ្នា នៅពេលនោះ ប្តីកំណាច បានទាញកាំបិតខ្វែវដេញកាប់តែគាត់រត់គេចផុត ។

ដោយមិនអស់ចិត្តប្តីចិត្តអប្រីយ៍រូបនេះ បានវាយបំបែកពាងទឹក វាយចាន ឆ្នាំង និងដុតផ្ទះបាយបណ្តាឲ្យ អស់៨០% និងឆេះរបស់របរ នៅក្នុងផ្ទះបាយមានខោអាវ ចាន ឆ្នាំង ធុងចម្រោះទឹក និងសំភារះមួយចំនួនទៀត។ម្យ៉ាងវិញទៀតប្តីប្រមឹកនេះ គឺ ផឹកស្រាស្រវឹង ជាប្រចាំ ហើយប្រច័ណ្ឌគាត់ គាត់ទៅដើររើសគួរស្រូវយកមកបុកអង្ករដាំបាយហូប បែរចោទថាគាត់មានប្រុស។

លោកអធិការបានបញ្ជាក់ថា ក្រោយពេលទទួលបានបណ្ដឹងកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍ប៉ោយចារ បានចុះបង្រ្កាប ធ្វើការនាំខ្លួនជនបង្កខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនបង្ក បានសារភាពថា ខ្លួនពិតជាបានដេញកាប់ប្រពន្ធ និងដុតផ្ទះបាយចោលមែន ។

ដោយផ្អែកលើចម្លើយសារភាព និងបណ្តឹង ព្រមទាំងសំណូមពរ ជនរងគ្រោះជាប្រពន្ធ សុំអោយសមត្ថកិច្ចចាត់ការប្តីកំណាចនេះ តាមវិធានការច្បាប់នោះ ជនបង្កឈ្មោះវ៉ាន វ៉ោន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាន ដើម្បីចាត់ការបន្ត ៕