ភ្នំពេញ៖ បុរសម្នាក់សង្ស័យកើតខ្សល់.គ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងចំការដំឡូងមី ស្ថិតនៅខាងត្បូងភូមិសិលាខ្មែរចម្ងាយ ១៥០ម៉ែត្រ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥និង១០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា៖ សពមានឈ្មោះស៊ីវ ឃឿន អាយុ៥៨ឆ្នាំ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ.ខេត្ត បន្ទាយមានជ័យ ។ក្រោយពីទទួលបានព័ត៌មាន ក្រុមការងារគណៈកម្មាការត្រួតពិនិត្យបានចុះទៅកន្លែងសព មាននគរបាលស្រុក ប៉ុស្តិ៍រដ្ឋបាល មណ្ឌលសុខភាពឃុំ នគរបាលការពារព្រំដែនគោកលេខ៩១១ កងរាជអាវុធ ហត្ថស្រុក ដើម្បីធ្វើការត្រួតពិនិត្យនៅលើរាងកាយសព ពុំមានស្លាកស្នាមអ្វី ទាក់ទងនឹងអំពើមនុស្សឃាតនោះទេ ។
លោកអធិការ បានបញ្ជាក់ទៀតថា៖បើតាមការបំភ្លឺពីឈ្មោះ ម៉ន បឿន អាយុ៥៧ឆ្នាំត្រូវជាប្រពន្ធបានប្រាប់ថាប្តី របស់គាត់តែងតែដើរផឹកស្រាសជាប្រចាំ ។ នៅមុនពេលកើតហេតុ គាត់បានផឹកស្រាស ស្រវឹង ហើយបាននិយាយថា ទៅបត់ជើងធំនៅខាងត្បូងផ្ទះ ហើយក៏បាត់មិនឃើញមកវិញ រហូតលឺដំណឹងថា ឃើញគាត់ដេកស្លាប់ ។
លោកវរសេនីយ៍ឯក សែស វិបុល បានបញ្ជាក់បន្ថែមថា៖ ដូចនេះទាក់ទិននឹងការស្លាប់នេះ ក្រុមការងារសន្និដ្ឋានថា បណ្តាលមកពីកើតខ្សល់.គ ព្រោះផឹកស្រាមិនសូវនឹកនារឿងបាយទឹក ។ ក្រោយពីពិនិត្យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕