ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈដង្ហែ តាមព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះបញ្ហាប្រឈមនៃជំងឺកូវីត១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានដ៏វិសេសវិសាល នូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីទិញនូវវ៉ាក់សាំងនៃជំងឺ COVID-19 នាវេលាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។
ព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ១លានដុល្លារសហរដ្ឋអាមេរិក នេះគឺ ព្រះករុណាព្រះមហាក្សត្រចំនួន ៥០មុឺនដុល្លារ និងសម្តេចព្រះមហាក្សត្រីចំនួន ៥០មុឺនដុល្លារផងដែរ៕