ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សហការជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ កាលពីថ្ងៃទី៩ ខែឆ្នូ ឆ្នាំ២០២០ បានបន្តចុះត្រួតពិនិត្យផលិតផល និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមបណ្តាហាង និងផ្ទះលក់ទំនិញតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋម ទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោមរបស់ទំនិញ នៅលើសម្បកវេចខ្ចប់ផងដែរ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញហួសកាលបរិច្ឆទប្រើប្រាស់ចំនួន ២៤មុខ ស្មើនឹង ៩៤០កញ្ចប់ សរុបទម្ងន់ ៣៨៦.៨៩គីឡូក្រាម។ បន្ទាប់មកមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យបាន ធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល។
ទន្ទឹមនឹងនោះមន្ត្រីជំនាញ ក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕