ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកំណត់សម័យប្រឡង ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទនៃ ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០១៩-២០២០ ដោយត្រូវរៀបចំតាមលំនាំ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ ។
យោងតាមលិខិតមួយច្បាប់ របស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជម្រាបទៅលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី១០ ធ្នូនេះ បានឲ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ នឹងរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅតាមគ្រឹះស្ថានមធ្យមសិក្សាទុតិយភូមិ តាមលំនាំនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។
ក្រសួងអប់រំ ក៏នឹងប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវ ទាំងស្រុងទៅដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានមធ្យមសិក្សា ទាំងក្នុងដំណាក់កាលរៀបចំ ដំណាក់កាលសំណេរដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ និងការប្រកាសលទ្ធផល។ ក្រសួងអប់រំ នឹងទទួលស្គាល់លទ្ធផលនៃការប្រឡងតាម គ្រឹះស្ថានមធ្យមសិក្សា ដើម្បីជាមូលដ្ឋានសម្រាប់ការ ចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ជាមួយគ្នានោះ ក្រសួងនឹងចេញសេចក្តីណែនាំ លម្អិតស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ក្នុងពេលឆាប់ៗនេះ។
ក្នុងន័យនេះ ក្រសួងស្នើសុំឱ្យសមាគម គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មេត្តាសម្របសម្រួលផ្ទៃក្នុង និងផ្តល់ព័ត៌មានត្រឡប់អំពី គ្រឹះស្ថានសិក្សាឯកជន ដែលមិនមានលទ្ធភាពរៀបចំ ការប្រឡងដោយខ្លួនឯងមកក្រសួងវិញ ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីធ្វើការពិនិត្យនិងសម្រេច ៕