អាណិតណាស់! លោកតាវ័យ ៨៨ឆ្នាំម្នាក់ ស្កាត់ពីពោធិសាត់ មកលេងចៅនៅភ្នំពេញ ស្រាប់តែ…

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតប និងអន្តរាគមន៍ភ្លាមៗ ក្រោយមានគណនីហ្វេសបុកឈ្មោះ ស៊ី ថេន បានបង្ហោះថា មានលោកតាម្នាក់វង្វេង់ផ្លូវ ខណៈដើររកផ្ទះចៅមិនឃើញ ។

ការអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីមាន គណនីហ្វេសប៊ុកឈ្មោះ ស៊ី ថេន បានរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី មានខ្លឹមសារថា «ដំណឹងសួររកសាច់ញាតិ​កុង​វង្សបូ អាយុ88ឆ្នាំស្រុកកំណើតភូមិរការក្អែលឃុំសំរោងធំ ស្រុកកៀនស្វាយ បានធ្វើដំណើរពីកៀនស្វាយ មកលេងចៅនៅភ្នំពេញ (វត្តពោធិញាណ) ឥឡូវវង្វេងរកចៅមិនឃើញ​ (ចៅឈ្មោះខួច​)​​ នាងខ្ញុំបានជួយរកគាត់ហើយប៉ុន្ដែនៅរកពុំឃើញ នាងខ្ញុំឌុបគាត់យកទៅផ្ទះ របស់នាងខ្ញុំនៅបុរីសន្ដិភាព បើបងប្អូនឬសាច់ញាតិបានឃើញ សូមទំនាក់ទំងមកលេខ081704881​(បើស្អែកនៅតែរកសាច់ញាតិ មិនឃើញនាងខ្ញុំនិងជូនគាត់ ទៅស្រុកកៀនស្វាយរកផ្ទះរបស់គាត់តែម្ដង) ខ្ញុំសូមជំរាបបងថា ឥឡូវខ្ញុំសូមយកគាត់ទៅផ្ទះខ្ញុំ នៅបុរីសន្ដិភាព2សិនហើយ» ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញ ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលស្រុកកៀនស្វាយ បានចាត់ឱ្យលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលសំរោងធំ ចុះស្រាវជ្រាវរកអាសយដ្ឋ្ឋាន និងសាច់ញាតិ លោកតា វង្ស បូ អាយុ៨៨ឆ្នាំ នៅភូមិសំរោងក្អែល ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជាលទ្ធផលកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលសំរោងធំ បានបញ្ជាក់ឱ្យដឹងថា លោកតា វង្ស បូ អាយុ៨៨ឆ្នាំ គាត់បានទៅរស់នៅខេត្តពោធិសាត់ បានមកលេងកូននៅភូមិសំរោងក្អែរ ឃុំសំរោងធំ ប៉ុន្តែគាត់មិនបានចូលផ្ទះកូននោះទេ ហើយគាត់ក៏បានត្រឡប់មកវិញ ទៅលេងចៅគាត់ធ្វើការរោងចក្រនៅផ្តុំទួលពង្រ រាជធានីភ្នំពេញ ។ ពេលទៅដល់ម្តុំទួលពង្រ គាត់រកផ្ទះជួលចៅមិនឃើញ ក៏ចេះតែដើរៗរហូតមកដល់ជិតវត្តពោធិញាណ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានជួបម្ចាស់គណនីហ្វេសបុកឈ្មោះ ស៊ី ថេន ភេទស្រី មានចិត្តធម៌ដឹកលោកតាតាមម៉ូតូ ជិះរកចៅគាត់តែរកមិនឃើញ ហើយម្ចាស់គណនីខាងលើបាននាំ លោកតាទៅផ្ទះគាត់នៅបុរីសន្តិភាព២ សិនរង់ចាំសាច់ញាតិមកយក។

រហូតដល់វេលាម៉ោង១៩និង០០នាទី ថ្ងៃដដែលសាច់ញាតិបានទូរសព្ទ មកចៅស្រីលោកតាឈ្មោះ ស្រីខួច ឱ្យទំនាក់ទំនងមកយកលោកតា ពីម្ចាស់គណនីហ្វេសបុកឈ្មោះ ស៊ី ថេន នៅបុរីសន្តិភាព២ វិញ។

ជាមួយគ្នានោះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏បានថ្លែងអំណរគុណដល់ ម្ចាស់គណនីហ្វេសបុកឈ្មោះ ស៊ី ថេន ដែលមានចិត្តធម៌ជួយយកអាសារលោកតា ជួយទំនាក់ទំនងមកសមត្ថកិច្ចខេត្តកណ្តាល រហូតចៅស្រីមកទទួល លោកតាត្រឡប់ទៅវិញ ៕