សូម អ្នកប្រកបរបរដឹកជញ្ជូន តាមសមុទ្រ ប្រុងប្រយ័ត្នចំពោះ ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ

0

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យអ្នកប្រកបអាជីវកម្ម តាមសមុទ្រប្រុងប្រយ័ត្ន ចំពោះអាកាសធាតុមិនល្អ ដែលបង្កឱ្យមានខ្យល់ បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដែលងាយប្រឈមនឹង គ្រោះថ្នាក់ កើតឡើងជាយថាហេតុ។

យោងតាមសេចក្តី ជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ សម្រាប់ការដឹកជញ្ជូនតាមនាវានៅខេត្តតំបន់ឆ្នេរ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទ ទាំងអស់ មេត្តាជ្រាបថា បច្ចុប្បន្ន ស្ថានភាពអាកាសធាតុ នៅខេត្តតំបន់ឆ្នេរ ប្រទេសកម្ពុជា កំពុងមានខ្យល់ បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិត និងខូចខាត ទ្រព្យសម្បត្តិ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សង្កេតឃើញថា កន្លងមកមានម្ចាស់ទូកមួយចំនួនតូច ពុំបានចូលរួមអនុវត្ត ទៅតាមការណែនាំ របស់សមត្ថកិច្ចស្តីពី បញ្ហាអាកាសធាតុឡើយ ដូច្នេះក្រសួងសូមធ្វើការអំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនតាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដោយបំពាក់ឧបករណ៍សុវត្ថិភាព ឱ្យបានគ្រប់គ្រាន់ ទៅតាមចំនួនអ្នកដំណើរ ដែលមានដូចជា អាវពោង ពោងកង ពោងស ខ្សែពួរ ។ល។

ក្រសួងបន្ថែមថា ត្រូវតាមដានលើបញ្ហា ប្រែប្រួលអាកាសធាតុ ឱ្យបានគ្រប់គ្រាន់ ដោយមិនត្រូវចេញទៅ ឆ្ងាយពីច្រាំងនៅពេលមានរលកធំៗ និងមានអាកាសធាតុមិនល្អឡើយ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើត មានឡើងជាយថាហេតុ ព្រមទាំងចូលរួមអនុវត្តឱ្យបានល្អ ទៅតាមការផ្សព្វផ្សាយ ឬការណែនាំរបស់សមត្ថកិច្ច ស្តីពីបញ្ហា អាកាសធាតុ៕