សាហាវម្ល៉េះ! ប៉ូលិសស័ក្តិ៤ ដកកាំភ្លើងបាញ់គូជម្លោះ ២គ្រាប់ របួសជើង រួចបើករថយន្តគេចខ្លួនបាត់ស្រមោល (Video)

0

ភ្នំពេញ៖ មានទំនាស់ជាមួយគ្នាជាង ២ឆ្នាំ ទ្រាំលែងបានប៉ូលិសស័ក្តិ៤ ឈ្មោះ កេត ផារ៉េន នៅក្រសួងមហាផ្ទៃ ដកកាំភ្លើងបាញ់គូជម្លោះ ២គ្រាប់ បណ្តាលឲ្យត្រូវចំជើងស្តាំមួយគ្រាប់ និងមួយគ្រាប់ទៀត ផ្លាតត្រូវចំទ្វារកញ្ចក់ផ្ទះបែកខ្ទេចខ្ទី រួចជនដៃដល់ ក៏បានបើករថយន្តគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីម៉ោងជាង ៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាប់ព្រំប្រទល់ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

បើតាមជនរងគ្រោះឈ្មោះ ប៊ុន ស៊ីម អាយុ៣៩ឆ្នាំ បានរៀបរាប់ថា មុនពេលកើតហេតុ គាត់មានគ្នា ៤នាក់ ជិះម៉ូតូចេញពីញាំអីនៅម្ដុំបឹងត្របែក រួចបានជូនមិត្តភក្តិមកផ្ទះ នៅកន្លែងកើតហេតុ ខណៈមកដល់មុខផ្ទះមួយភ្លេត ស្រាប់តែលេចមុខជនដៃដល់ ដែលធ្លាប់ស្គាល់គ្នាតែមិនសូវជិតស្និត បានចុះពីលើរថយន្តមិនចាំម៉ាក ហើយដើរឆ្លងផ្លូវមកសួរនាំមិត្តភក្តិគាត់ រួចក៏ដើរទៅជិះរថយន្ត របស់ខ្លួនវិញនៅលើផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។ ក្រោយមកជនដៃដល់ បានបើកកញ្ចក់រថយន្ត ដកកាំភ្លើងខ្លីបាញ់សំដៅមកលើ ជនរងគ្រោះដែលនៅផ្លូវម្ខាងទៀត ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចំនួន២គ្រាប់ ដោយមួយគ្រាប់ចំជើងខាងស្ដាំ និង មួយគ្រាប់ទៀតចំទ្វាកញ្ចក់មួយផ្ទាំងបែកខ្ទេចខ្ទី រួចហើយក៏បើករថយន្តគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះក៏ប្រញាប់ ទៅមន្ទីពេទ្យដើម្បីពិនិត្យ និងលាងរបួសភ្លាមៗផងដែរ ។

ជនរងគ្រោះបន្តថា មួយសន្ទុះក្រោយមក ខ្លួនបានមកកន្លែងកើតហេតុវិញ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន ជាច្រើនចុះមកផ្ដិតយករូបភាព និង Live ទើបដឹងឮដល់សមត្ថកិច្ច ប៉ុស្ដិ៍នគរបាលបឹងទំពុន២ និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដង្កោ ចុះមកដល់កន្លែងកើតហេតុ ។

ប៉ុន្តែអ្វីជាការកត់សម្គាល់នោះ គឺសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២ និងសមត្ថកិច្ចប៉ុស្តិ៍ដង្កោ បានរុញដាក់គ្នា ព្រោះកន្លែងកើតហេតុ មិនច្បាស់លាស់ ទើបជនរងគ្រោះសម្រេចចិត្តទុកសម្បកកន្ទុះ ដែលរកឃើញមួយគ្រាប់ រង់ចាំទៅដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង ៕