ភ្នំពេញ៖ យុវជនម្នាក់ដោយសារតែ ប្រើប្រាស់គ្រឿងញៀនជាប្រចាំអស់រយៈពេល ៦ឆ្នាំមកហើយនោះ បានធ្វើឱ្យលែងស្គាល់ឪពុកម្តាយ ហើយវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដើររករឿងគេឯង ទើបម្តាយទ្រាំលែងបាន សម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ឡូត ប៊ុនថុន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ទើរជារៀងរាល់ថ្ងៃយុវជនខាងលើ តែងតែបង្កអុកឡុកក្នុងគ្រួសារ វាយបំផ្លាញទ្រព្យសម្បត្តិ និងរករឿងគេឯង ព្រោះតែឥទ្ធិពលនៃគ្រឿងញៀន ។ លុះមកដល់ថ្ងៃកើតហេតុ ដោយទ្រាំនិងទង្វើរបស់កូនលែងបាន ទើបម្តាយទៅប្តឹងសមត្ថកិច្ចសុំ ឱ្យឃាត់ខ្លួនកូនយកទៅសួរនាំតែម្តង។
នៅមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀន អស់រយៈពេល ៦ឆ្នាំមកហើយ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ត ៕