តេណាត់​​សង្សារចាស់​ ឲ្យ​មកយក​ទូរស័ព្ទ ពេលនាងទៅដល់ជួបរឿង នឹកស្មានមិនដល់

0

ភ្នំពេញ៖ យុវជន ៣នាក់ បានតេណាត់អតីតសង្សារស្រី ឲ្យមកយកទូរស័ព្ទ ពេលនោះនាងក៏បាន ឲ្យគូដណ្ដឹងជិះម៉ូតូឌុបទៅយក ស្រាប់តែកំពុងជិះម៉ូតូ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងទៀត មកទន្ទឹមគ្នារួចក៏ធាក់ម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលតែម្ដង ។ ហេតុការណ៍នេះ កើតឡើងកាលពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​បេតុង​ស្ថិត​ក្នុងភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

​ជន​រង​គ្រោះមាន​ឈ្មោះ រ៉ា​ន់ សុ​រ៉ាត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ ព្រូឡាន​ដឹក​ដី (​រង​របួស​បាក់​ភ្លៅ​ឆ្វេង និង​រលាត់​ជង្គង់ កដៃ ទ្រូង ចង្ការ និង​ក​) ។ និងឈ្មោះ ឆៃ​ណា សុជាតា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ (​រង​របួស​ស្នាម និង​ថ្គាម​ខាងឆ្វេង និង​ភ្នែក​គោល​ទាំង​សងខាង​) ។

ចំណែក​ជន​បង្ក​មាន​គ្នា ​៣​នាក់ ១.​ឈ្មោះ ផាត់ សុវណ្ណ​ថេ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ រង​របួស​រលាត់​ប្រអប់ជើង ជង្គង់ និង​ដៃ​ខាងឆ្វេង (​ឃាត់ខ្លួន​) ។ ២.​ឈ្មោះ មី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់ ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ (​គេចខ្លួន​) ។ ៣.​ឈ្មោះ មក​រា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មឿ​ន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិត​(​គេចខ្លួន​) ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុន​កើតហេតុ​ជន​រង​គ្រោះ​ ២​នាក់​គូ​ដណ្តឹង​​ បាន​នឹង​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ ចេញពីផ្ទះ​ម្តាយមីង ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ មី ដែល​អតីត​ជា​សង្សារ​ របស់​ជន​រង​គ្រោះ​ឈ្មោះ ឆៃ​ណា សុជាតា បាន​ទូរស័ព្ទ​ណាត់​ឲ្យ​នាង ​ទៅ​យក​ទូរស័ព្ទ​នៅ​មុខ​សាលា​ស្ទឹង​ជ្រៅ ។ លុះ​ពេល​ទៅ​ដល់​កន្លែង​កំណត់​ឈ្មោះ មី បាន​តេ​ឲ្យ​ទៅ​ជួប​នៅ​ម្តុំ​គល់​ស្ពាន​ព្រែក​ឫស្សី​វិញ ពេល​នោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ដល់​ ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ឃើញ​ក្រុម​ជនសង្ស័យ​ទាំង​ ៣​នាក់​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ មិន​ចាំ​ផ្លា​ក​លេខ បាន​តាម​មក​ពីក្រោយ ដោយ​ជន​ស​ង្ស័ យ​ឈ្មោះ ផាត់ សុវណ្ណ​ថេ​ត ជា​អ្នក​បើក​ឈ្មោះ មី អង្គុយ​កណ្តាល ឯ​ឈ្មោះ មក​រា អង្គុយ​ខាងក្រោយ ពេល​ជិះ​មក​ដល់​ទន្ទឹម និង​ជន​រង​គ្រោះ ស្រាប់តែ​ឈ្មោះ​មី ដែល​អង្គុយ​កណ្តាល​បាន​ធាក់​ម៉ូតូ​ ជន​រង​គ្រោះ​ដួល​ផ្ទប់​ទៅ​និង​របង​ផ្ទះ បណ្តាល​ឲ្យ​រង​របួស រីឯ​ម៉ូតូ​ជនសង្ស័យ​ក៏​បាន ​ដួល​ដែរ​នឹង​រង​របួស​ម្នាក់​ទៀត​ផង ។

​ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ មី និង​ឈ្មោះ មក​រា បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ទៅ ចំណែក​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផាត់ ស​វណ្ណ​ថេ​ត (​របួស​) ឡើង​ជិះ​ម៉ូតូ​មិន​ទាន់​គេ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ប៉ុស្តិ៍​ព្រែក​ឫស្សី​ធ្វើការ​ឃាត់ខ្លួន​នឹង​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​បន្ត​នីតិវិធី ៕