ពលរដ្ឋដែលបាត់ម៉ូត អាចទៅពិនិត្យមើល នៅអធិការនគរបាលក្រុងសៀមរាប ក្រោយទីតាំងបញ្ចាំគ្មានច្បាប់ ៣កន្លែង ត្រូវបង្ក្រាប (Video)

0

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាល មូលដ្ឋាននៃក្រុងសៀមរាប បានចុះបង្ក្រាបទីតាំង បញ្ចាំគ្មានច្បាប់ចំនួន ៣កន្លែង និងដកហូតម៉ូតូមិនមានលិខិត សម្គាល់មិនប្រក្រតី បានចំនួន២០គ្រឿង។ ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើង នៅថ្ងៃទី៨ ខែធ្នូឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទឹកវិល និងសង្កាត់គោកចក ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថានៅការបង្ក្រាបនេះដែរ គឺដោយមានការចង្អុលបង្ហាញពី សំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយមានការបញ្ជារផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត។

លោកបន្តថា កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលបានសហករជាមួយ អធិការនគរបាលក្រុង សៀមរាប និងប៉ុស្តិ៍នគរបាល សង្កាត់ទឹកវិលនិង ប៉ុស្តិ៍នគរបាល សង្កាត់គោកចក ចុះរដ្ឋបាលពិនិត្យទីតាំង ទទួលបញ្ចាំ(ម៉ូតូ)ក្នុង សង្កាត់ទឹកវិល ចំនួនបីទីតាំង ដែលគ្មានច្បាប់ និង អញ្ញាប័ណ្ណ (ទទួលបញ្ចាំ)។

លោកបន្ថែមថា ទីតាំងទី១.មានម្ចាស់ឈ្មោះ ទែន សុភិន ភេទស្រី អាយុ៣៦ឆ្នាំ និងប្ដី ឈ្មោះ ដួង ហេង អាយុ៤៨ឆ្នាំ ស្ថិតនៅភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។ ដកហូតម៉ូតូបានចំនួន ៧គ្រឿង ខុសប្រក្រតី។ ទីតាំងទី២.ម្ចាស់ឈ្មោះ ស៊ីម ប៊ុនណាត ភេទស្រី អាយុ៤៨ឆ្នាំ មានទីតាំងនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ដកហូតម៉ូតូ ខុសប្រក្រតី ចំនួន ៣គ្រឿង។ ទីតាំងទី៣.មានម្ចាស់ឈ្មោះ ស៊ឹង នួម ភេទស្រី អាយុ៥១ឆ្នាំ មាននៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ ដកហូតម៉ូតូ ខុសប្រក្រតី ចំនួន១០គ្រឿង។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបាត់ម៉ូតូ សូមអញ្ជើញទៅពិនិត្យមើលនៅអធិការនគរបាលក្រុងសៀមរាប ដោយភ្ជាប់ជាមួយឯកសារឲ្យបានត្រឹមត្រូវ។ ជុំវិញករណីនេះដែរ មហាជនបានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំងខណៈដែលសមត្ថកិច្ចខេត្តសៀមរាប បានចុះពិនិត្យទីតាំងទទួលបញ្ចាំដែលមានភាពមិនប្រក្រតីនៅក្នុងក្រុងសៀមរាប ដើម្បីបង្ការទប់ស្កាត់ករណីហាន័យផ្សេងៗ ៕