ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយ និងការចែករំលែកបន្តបន្ទាប់ លើបណ្ដាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងបុរសជាជាងកាត់សក់ម្នាក់ ប្រើប្រាស់ឯកសណ្ឋានមន្ត្រីនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយពុំមានលក្ខណៈគ្រប់គ្រាន់ និងបង្ហោះផ្សព្វផ្សាយជាសាធារណៈនោះ នាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកអត្តសញ្ញាណបុរសខាងលើ និងស្វែងរកប្រភពអ្នកផ្គត់ផ្គង់ ឯកសណ្ឋាននគរបាលនោះ។
រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជារបស់ ថ្នាក់ដឹកនាំនៃនាយកដ្ឋានបុគ្គលិក លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងស្រាវជ្រាវ កំណត់អត្តសញ្ញាណបុរសខាងលើ និងឈានដល់ការកោះអញ្ជើញ មកធ្វើការសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ផាន សុភក្ដី ភេទប្រុស អាយុ ៣៨ឆ្នាំ មានមុខរបរជាងកាត់សក់ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បានឆ្លើយសារភាព និងទទួលស្គាល់ថា ឯកសណ្ឋាននគរបាលជាតិនោះ គឺជាកម្មសិទ្ធិលោកឧត្ដមសេនីយ៍ត្រី ង៉ាម រី ជាស្នងការរងទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដែលកាលពីថៃ្ងទី៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទី កន្លងទៅ លោឧត្តមសេនីយ៍ត្រី ង៉ាម រី បានបើករថយន្ដពាក់ផ្លាកលេខនគរបាលមកតូប ដើម្បីកាត់សក់ គាត់បានដោះអាវព្យួរ ខ្ញុំ (ផាន សុភក្តី) ក៏បានសុំពាក់អាវថតរូប ដោយលោក ង៉ាម រី បានឆ្លើយថា ពាក់ៗទៅ ខ្ញុំសួរបន្តថា បើថតផុសក្នុងហ្វេសប៊ុកបានអត់ គាត់ឆ្លើយថា ផុសៗទៅ រួចខ្ញុំបានសុំខ្ចី សោររថយន្តដើម្បីបើកទ្វារ អង្គុយថត គាប់ជួនពេលនោះ មានព្រះសង្ឃនិមន្តបិណ្ឌបាតឆ្លងកាត់ទីនោះ ខ្ញុំបានយកបច្ច័យ ដាក់បាតលោក ដោយគ្រងឯកសណ្ឋាននគរបាលជាតិផងដែរ។ ឈ្មោះ ផាន សុភក្តី បានបញ្ជាក់បន្ថែមថា ចំពោះសកម្មភាពខាងលើ គឺខ្ញុំមិនបានដឹងថា ជាអំពើខុសច្បាប់នោះទេ ព្រោះលោកឧត្ដមសេនីយ៍ ង៉ាម រី គាត់ជានគរបាលជាតិមានឋានៈខ្ពស់ បានយល់ព្រមឱ្យខ្ញុំថតរូបផុសក្នុង ហ្វេសប៊ុក ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ដោយបុគ្គលឈ្មោះ ផាន សុភក្តី បានសារភាពទទួលស្គាល់កំហុស និងបានស្នើសុំការយោគយល់ អធ្យាស្រ័យពីសមត្ថកិច្ច គណៈស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ និងដោយមានការយល់ព្រមពី ថ្នាក់ដឹកនាំនៃនាយកដ្ឋានបុគ្គលិកសម្របសម្រួល អនុវត្តត្រឹមកម្រិតធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។
ដោយឡែកចំពោះលោក ឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ គណៈស្នងការនឹងគោរពស្នើសុំមតិ ចង្អុលដឹកនាំពីថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តបន្ត ៕