ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា លោកពិតជាអស់កម្លាំងខ្លាំងណាស់ ក្រោយពីបានដើរល្បាត នៅជ្រុងម្ខាងនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានជនល្មើសលួចកាប់បំផ្លាញព្រៃឈើអស់ ៣០០ដើម ខណៈលោកមិនបានល្បាតរយៈពេលប្រមាណជិត ១ខែ ដោយសារមានធុរៈមមាញឹកខ្លាំង ។
លោក សុខ ទូច បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី៨ ធ្នូយ៉ាងដូច្នេះថា «នៅថ្ងៃនេះ ខ្ញុំពិតជាអស់កម្លាំងខ្លាំងណាស់ ក្រោយពីបានដើរល្បាតនៅជ្រុងម្ខាង នៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានជនល្មើសកាប់បំផ្លាញព្រៃឈើអស់ ៣០០ដើម ដែលអ្នកកាប់បំផ្លាញនេះបានដឹងថា ខ្ញុំមិនបានធ្វើការល្បាតរយៈពេលប្រមាណជិត ១ខែ ដោយសារមានធុរៈមមាញឹកខ្លាំង» ។
លោកបន្តថា អ្នកដែលកាប់បំផ្លាញទាំងនេះ គឺជាអ្នកដែលទើបតែបានរស់នៅក្នុងឧទ្យាននេះ នៅក្រោយព្រះមហាក្សត្រ ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ ស្ដីពី ការបង្កើតឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប និងដាក់ឧទ្យាននេះទៅជាឧទ្យាន សម្រាប់ធ្វើការអភិរក្ស។
លោកបន្ថែមថា ក្រុមការងារបានចុះទៅត្រួតពិនិត្យផ្ទះ របស់ប្រជាពលរដ្ឋទាំង ៣១គ្រួសារដែលរស់នៅ ក្នុងឧទ្យាននេះចំនួន១៥ខ្នង និងបានរកឃើញថា នៅក្នុងផ្ទះទាំង១៥ខ្នងនេះ សុទ្ធសឹងតែមានឈើដែល ត្រូវបានកាប់បំផ្លាញពីឧទ្យាន។ ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តព្រះវិហារ អភិបាលខេត្តព្រះវិហារ បានចាត់តាំងអភិបាលរងខេត្តមួយរូប ដើម្បីដាក់ចេញនូវចំណាត់ការ និងដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋទាំង ៣១គ្រួសារនេះ ដោយអាជ្ញាធរខេត្តបានសម្រេច ផ្ដល់ជូននូវដីដែលមានទំហំ ១៥០០ម៉ែត្រក្រឡា (ទទឹងប្រវែង៣០ម៉ែត្រ បណ្ដោយប្រវែង៥០ម៉ែត្រ) ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជា សាលារៀន វត្តអារ៉ាម ភូមិ និងអណ្ដូងទឹក ដោយនៅពេលដែលពួកគាត់តាំងទីលំនៅក្នុងឧទ្យាននេះ ពួកគាត់ពុំទទួលបានហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់នេះឡើយ។
លោក សុខ ទូច ក៏បានអំពាវនាវដល់អាជ្ញាធរ ដែលមានសមត្ថកិច្ច មេត្តាជួយពន្លឿនការចាត់វិធានការ និងដំណោះស្រាយជូនដល់ប្រជាពលរដ្ឋទាំង ៣១គ្រួសារនេះ ឱ្យបានកាន់តែឆាប់រហ័ស ៕







