រន្ធត់! យុវជន​ម្នាក់​ធ្លាយពោះ​វៀនស្លាប់ភ្លាមៗ ក្រោយត្រូវឡាន​ក្រឡុកស៊ីម៉ងត៍ បុក​ម៉ូតូអូសជិត ២០ម៉ែត្រ

0

ភ្នំពេញ៖ យុវជនម្នាក់ធ្លាយពោះវៀនស្លាប់ភ្លាម យ៉ាងអាណោចអាធ័ម ក្រោយត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនកែអេងខនគ្រីត មិនគោរពភ្លើងស្តុប បានបើកទៅបុកម៉ូតូអូសជិត ២០ម៉ែត្រនៅចំណុចស្តុបចំការមន តាមបណ្តោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវសម្តេចសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកណ្តាលស្តុបចំការមន ស្រាប់តែរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន កែអេងខនគ្រីត មិនគោរពភ្លើងស្តុបក្រហម បានបើកបន្ថែមល្បឿនពីកើតទៅលិច បុកម៉ូតូចំពីមុខពេញទំហឹង អូសប្រមាណជិត ២០ម៉ែត្រ ទៅត្បូង កិនយុវជនរងគ្រោះចំពាក់កណ្តាលខ្លួន បណ្តាលឱ្យធ្លាយពោះវៀនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ជនរងគ្រោះដែលស្លាប់មាន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។  ចំណែកអ្នកបើករថយន្តបង្ក មានឈ្មោះ ស ហម អាយុ៣៦ឆ្នាំ មានស្រុកកំណើតឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង បើករថយន្តក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុន កែអេងខនគ្រីត។

បន្ទាប់ពីបង្កហេតុបណ្តាលឱ្យមនុស្សស្លាប់ តៃកុងរថយន្ត ក៏ត្រូវបានសមត្ថកិច្ចគោលដៅ ដែលកំពុងសម្រួលចរាចរណ៍ ឃាត់ខ្លួនបានភ្លាមៗយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ក្រោយមន្ត្រីជំនាញធ្វើការវាស់វែងរួច។ ចំណែកសាកសពយកទៅរក្សាទុកនៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនងក្រុមគ្រួសារសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕