ភ្នំពេញ៖ មានហេតុការណ៍ គួរឲ្យសង្វេគ និងតក់ស្លុតបំផុត មួយបានកើតឡើង ខណៈដែលស្ត្រីម្នាក់ជាកម្មការិនីរោងចក្រ បានខំស្រូតឡើងពីភ្នំពេញ មកកំពង់ឆ្នាំដើម្បីចូលរួម ពិធីបុណ្យសពលោកយាយរបស់ខ្លួន តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់តាមផ្លូវ ។
បើតាមប្រភពព័ត៌មានបានរៀបរាប់ឲ្យដឹងថា មូលហេតុដែលនៅក្នុងគ្រួសារនេះ មានមនុស្សស្លាប់បន្តគ្នានោះ នៅមុនដំបូងក្នុងគ្រួសារនេះ មានលោកយាយឈ្មោះ កក់ ផូ អាយុ ៩៣ឆ្នាំ បានស្លាប់ដោយសារជំងឺ ក្រោយពីលោកយាយ បានស្លាប់រួចហើយនោះ ក្រុមគ្រួសារបានផ្តល់ដំណឹង ដល់កូនស្រីរបស់ខ្លួនឈ្មោះ ស៊ន សុគន្ធា អាយុ ៣០ឆ្នាំ ដែលធ្វើការរោងចក្រនៅភ្នំពេញ ប្រាប់ថាយាយរបស់ខ្លួនបានស្លាប់ហើយ ។
ពេលដែលទទួលដំណឹងមរណៈភាព របស់ជីដូនភ្លាម ចៅស្រីក៏ប្រញាប់ ស្រូតធ្វើដំណើរពីភ្នំពេញ ដើម្បីចូលរួមបុណ្យសពរបស់ជីដូនខ្លួន តែអកុសលធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័ម ។ ក្រោយពេលកើតហេតុក្រុមគ្រួសារបាន ទៅយកសព ស៊ន សុគន្ធា មកផ្ទះ ដើម្បីធ្វើបុណ្យរួមគ្នាជាមួយ សពលោកយាយ នៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងតែម្ដង ៕