ស្រ្តីម្នាក់ដែលញៀនល្បែង ជំពាក់លុយគេច្រើន យកចបជីកវាយសម្លាប់ លោកយាយម្នាក់ ប្លន់យកទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ (Video)

0

ភ្នំពេញ៖ ករណីប្លន់សម្លាប់លោកយាយម្នាក់ នៅស្រុកសូទ្រនិគម យកទ្រព្យសម្បត្តិ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំង នគរបាលស្រុកសូទ្រនិគម បានបំបែកហើយ ដោយឃាត់ខ្លួនស្ត្រីញៀនល្បែងម្នាក់ ដែលជាឃាតក ។ ការបង្ក្រាបនេះធ្វើឡើង កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ឆាន់ វុទ្ធី នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅការបង្ក្រាបនេះដែរគឺ ដោយមានការចង្អុលបង្ហាញ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយមានការបញ្ជារផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងលោកវរសេនីយ៍ឯក ដួង សុខា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។

លោកបន្តថា ករណីអំពើលួចមានស្ថានទំនង់ទោស ដោយប្រើប្រាស់អាវុធសាមញ្ញ កើតហេតុនៅចំណុចត្រពាំងរូង ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប កាលពីម៉ោង ៣រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ លើជនរងគ្រោះឈ្មោះ មឿន ត្រៀម ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

បើតាមប្រភពព័ត៌មាន បានរៀបរាប់ថា មុនពេលកើតហេតុ នៅម៉ោយ ៧ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះ បានទៅចូលរួមពិធីបុណ្យនៅក្នុងភូមិ ពេលត្រឡប់មកពីបុណ្យវិញម៉ោង ៩ព្រឹក បានដឹកគោយកទៅចងនៅស្រែរបស់ខ្លួន នៅខាងកើតភូមិដាក់ផ្កា(ម្តុំកន្លែងកើតហេតុ) ចំងាយប្រហែល ២គីឡូម៉ែត្រ។ លុះដល់ម៉ោង ២៖៣០នាទីរសៀល ក៏ជិះកង់ ទៅមើលគោនិងរើសកស្រូវនៅឯស្រែ នៅចំណុចត្រពាំងរូងដដែល លុះដល់ម៉ោង ៧យប់ កូនមិនឃើញម្ដាយត្រឡប់មកផ្ទះវិញ ក៏ប្រាប់បងប្អូនអ្នកជិតខាង ឲ្យជួយរកម្ដាយនៅកន្លែង ចងគោនៅចំណុចត្រពាំងរូង ដល់ពេលរកក៏ឃើញ ជនរងគ្រោះនៅនឹងដុបក្បាលស្រែ របស់ខ្លួនដោយឃើញស្លាកស្នាមរបួស ផ្ពាល់ខាងឆ្វេងនិងឈាម ជាច្រើន ពេលនោះ ក្រុមគ្រួសារក៏បានយកជនរងគ្រោះ មកមន្ទីរពេទ្យដើម្បីសង្គ្រោះ ដល់ពេលមកដល់មន្ទីរពេទ្យបង្អែកស្រុក ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដងទៅ។

នៅពេលទទួលបានព័ត៌មាននេះ កម្លាំងជំនាញបានដឹកនាំកម្លាំង ចុះមកដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវស៊ើបអង្កេត និងពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព ហើយសន្និដ្ឋានបានថា ករណីនេះ ពិតជាមានបទល្មើស ព្រហ្មទណ្ឌពិតប្រាកដមែន ក្នុងនោះកម្លាំងជំនាញនៃការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានបន្តសហការជាមួយកម្លាំង ព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកសូទ្រនិគម កំណត់បានមុខសញ្ញាជនសង្ស័យឈ្មោះ ម៉ូវ ភា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា គាត់ពិតជាបានប្រព្រឹត្តបទល្មើស ខាងលើពិតប្រាកដមែន ដោយនៅពេលកើតហេតុ រូបគេបានទៅជីកដំឡូវជ្រូកជាមួយ ជនរងគ្រោះនៅចំណុចកើតហេតុ។ ដោយមានឱកាសល្អខ្លួនយកជំនីក ដងដែកវាយលើជនរងគ្រោះចំនួន ៣ជំនីក បណ្តាលឲ្យសន្លប់ រួចលួចយកប្រាក់ចំនួន ២លាន ៨០ម៉ឺនរៀល ប្រាក់ដុល្លារចំនួន ១០០ដុល្លារ ខ្សែកលោហៈធាតុពណ៌ទង់ដែងមួយខ្សែ ចិញ្ចៀនលោហធាតុពណ៌ទង់ដែងពីរវង់ ដុំលោហៈធាតុពណ៌ទង់ដែង ១កញ្ចប់តូច។ តាមការសាកសួរជនសង្ស័យ បាសារភាពទៀតថា មូលហេតុដែលគាត់សម្លាប់ជនរងគ្រោះ ព្រោះខ្លួនចាញ់ល្បែង និងជំពាក់ប្រាក់គេច្រើន។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋានខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនស្ត្រី ជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕