ភ្នំពេញ៖ កុមារីអាយុទើបតែ ៥ឆ្នាំម្នាក់ ត្រូវយុវតី ៣នាក់ ធ្វើសកម្មភាពយកខ្សែជ័រ ចងដៃ ចងជើង និងយកស្កុតបិទមាត់ ចាប់សង្កត់ក្បាលឲ្យហិតសម្រាម រួចគំរាមថា កុំស្រែកប្រយ័ត្នអញ ចាប់យកទៅលក់ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១០៖៣០នាទី យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវបេតុងលេខ១២៩KM ស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ បន្ទាប់ពីកុមារីដែលត្រូវ គេចងដៃចងជើងនោះ បានលោតផ្លោតៗ ដូចសត្វកង្កែបទៅផ្ទះ ដើម្បីឲ្យម្ដាងជួយ ។
យុវតីទាំង ៣នាក់នោះ មានឈ្មោះ៖ ១- ម៉ាក់ គឹមហុង អាយុ ១៨ឆ្នាំ ២-ដួង ទីណូ អាយុ ១៤ឆ្នាំ ៣-ទេស ម៉ាណា អាយុ ១៤ឆ្នាំ ពួកនាងទាំង ៣នាក់ មានមុខរបរជាងអ៊ុតសក់ ស្នាក់នៅក្នុងភូមិកើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ចន រីឆេល អាយុ ៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុនោះដែរ គឺមានផ្ទះនៅទល់មុខគ្នាតែម្ដង ។
បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ខណៈម្ដាយនៅផ្ទះ ក្មេងស្រីខាងលើបានដើរលេង តាមផ្លូវបេតុងម្នាក់ឯង ហើយក៏បានជួប ក្រុមយុវតីទាំង ៣នាក់ខាងលើ ខណៈនោះពួកនាងបាននាំគ្នាចាប់ រួចយកខ្សែជ័រចងដៃចងជើង ព្រមទាំងយកស្កុតបិទមាត់ រួចចាប់សង្កត់ក្បាលក្មេងស្រីរងគ្រោះ ឲ្យហិតសម្រាមហើយគំរាមថា «កុំស្រែកប្រយ័ត្នអញចាប់យកទៅលក់» ថែមទៀតផង ។ ដោយសារតែមានការភ័យខ្លាច ម្យ៉ាងមាត់ត្រូវគេយកស្កុតបិទជិតថែមទៀតនោះ ទើបក្មេងស្រីតូចនេះ មិនហ៊ានស្រែកឡើយ លុះក្រោយពីធ្វើបាបក្មេងស្រីនេះ អស់ចិត្តយុវតីទាំង ៣នាក់នេះ បាននាំគ្នាដើរចេញទៅបាត់ ហើយក្មេងស្រីរងគ្រោះបានលោតផ្លោតៗ ដូចសត្វកង្កែបទាំងជើងដៃជាប់ចំណង និងមាត់បិតស្កុតទៅផ្ទះ ជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់តែម្ដង ។
ចំពោះករណីនេះ គេពុំដឹងថា យុវតីទាំង ៣នាក់នោះ មានគំនុំអ្វីជាមួយក្មេងស្រីរងគ្រោះឡើយ ប៉ុន្តែក្រោយការចាប់ខ្លួន នគរបាលបានធ្វើការសួរនាំពួកនាងបានប្រាប់ថា គ្រាន់តែធ្វើលេងប៉ុណ្ណោះ គ្មានចេតនាផ្សេងអ្វីឡើយ ។ ចំណែកឯម្ដាយក្មេងស្រីខាងលើ បន្ទាប់ពីបានឃើញកូនស្រី ត្រូវទទួលរងនូវទារុណកម្មបែបនេះ ក៏បាននាំកូនស្រីទៅប្ដឹងនគបាល ប៉ុស្តិ៍ត្រពាំងក្រសាំង ឲ្យជួយធ្វើការឃាត់ខ្លួនយុវតី ទាំងនោះ ទៅសាកសួរចាត់ការតាមច្បាប់ ។
ប៉ុន្តែក្រោយមកត្រូវបានលោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមអេយ្យ ការសាលាដំបូង រាជធានីភ្នំពេញ សម្រេចមិនឲ្យឃាត់ខ្លួនឡើយ ដោយឲ្យបញ្ជូនតែសំណុំរឿងនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញប៉ុណ្ណោះ ។ បន្ទាប់មកនគរបាល បានដោះលែងពួកនាងទាំង ៣នាក់នេះវិញ បន្ទាប់ពីមានការធានា ពីអាណាព្យាបាលហើយ ចំណាត់ការបែបណាបន្តទៀតនោះ ស្រេចតែលើតុលាការ ៕