ភ្នំពេញ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការទិញ វ៉ាក់សាំងការពារកូវីដ១៩រួចមក មានសប្បុរសជនជាច្រើន បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែក ក្នុងការទិញវ៉ាក់សាំងនេះ ជាក់ស្ដែងគិតត្រឹមព្រឹកថ្ងៃទី៨ ធ្នូនេះ សម្ដេចទទួលបានថវិកាសរុបជាង ១៨លានដុល្លារហើយ ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី៧ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការ នៅកន្លែងដែលមាន ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំ បានប្រកាសពីការទិញ វ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេង ទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកា ដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារ
សុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិ របស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។ សរុបថវិកាដែលសប្បុរសជន ចូលរួមរហូតពេលនេះមានជាង ១៨លានដុល្លារអាមេរិក» ។
សម្ដេចបន្ថែមថា នៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀតដែលចង់ចូលរួម ប៉ុន្កែមិនដឹងថាចូលនៅកន្លែងណា និងតាមរបៀបណា? ទាក់ទិនបញ្ហានេះសម្ដេច បានចាត់ចែងតាមច្រកពីរគឺ៖
១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។
២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។
សម្ដេចក៏បាន ទូលប្រគេននិងជំរាបជូនថា ក្នុងករណីយមានការផ្ទេរតាមធានាគារនេះ សូមកុំភ្លេចដាក់ឈ្មោះ និងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីសម្ដេចបានធ្វើលិខិត ថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។
សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ព្រះសង្ឃ និងបងប្អូនជនរួមជាតិក្នុងចលនា ប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលខ្ញុំព្រះករុណាចាត់ទុកថាជា (ខឿនការពារសុខភាពរបស់ប្រជាជន) ៕