ទំនាស់ម្តាយឪពុក នាំទុក្ខឲ្យកូន! ខឹងឪពុកម្តាយ ឈ្លោះគ្នារាល់ថ្ងៃពេក កូនស្រីសម្រេចចិត្ត លេបថ្នាំសម្លាប់ខ្លួន

0

ភ្នំពេញ៖ ស្ត្រីម្នាក់សម្រេចចិត្តបញ្ចប់ជីវិត ទាំងនៅវ័យក្មេង ដោយសារខឹងឪពុកម្តាយ ឈ្លោះប្រកែកគ្នា ជារៀងរាល់ ។​ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៣៖៣០នាទីទៀបភ្លឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះ គន្ទៀង គុយ ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។

បើតាមលោក ក្លល ថើង អធិការស្តីទីនគរបាល ស្រុកលំផាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែធ្នូ ថា ជនរងគ្រោះមានឈ្មោះ គុយ វីណា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិព្រៅ មុខរបរបុគ្គលិកពេទ្យឯកជន (ពេទ្យស្កាយអ៊ីននៅខេត្តរតនគិរី) មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុខាងលើ។ មូលហេតុជនរងគ្រោះ ធ្វើអត្តឃាតខ្លួនឯងគឺ នាងមានវិបត្តិក្នុងគ្រួសារ ខឹងនិងឪពុកម្ដាយឈ្លោះប្រកែកគ្នា ជាច្រើនដងដោយខ្លួនខ្មាស់អ្នកជិតខាងពេក។​

លោកថា កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះបានចេញពីធ្វើការនៅក្នុងខេត្ត មកហូបបាយពេលល្ងាច ជួបជុំសមាជិកក្នុងគ្រួសារ ហើយបានចូលសម្រាករៀងៗខ្លួន ដូចសព្វមួយដង។​ ដោយឡែកតែជនរងគ្រោះ មិនបានចូលសម្រាកនោះទេ ដោយនៅសរសេររបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួន លុះមកដល់ម៉ោងប្រហែលម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី៦ ខែធ្នូនេះម្ដាយរបស់ជនរងគ្រោះ បានឮសម្លេងកន្ត្រាក់ដៃ កន្ត្រាក់ជើង នឹកស្មានថាមានចោរចូលលួចគាស់ផ្ទះ រួចក៏បានដាស់ឪពុករបស់ជនរងគ្រោះឲ្យងើបមើល ប៉ុន្តែមិនបានឃើញមានអ្វីគួរឲ្យចម្លែកនោះទេ ក៏ចូលមកក្នុងផ្ទះវិញ ស្រាប់តែឃើញជនរងគ្រោះដេកនៅលើក្ដារ មានអាការៈ ដង្ហក់ និងក្អួតចង្អោរ ភ្លាមៗនោះដែរក្រុមគ្រួសាររងគ្រោះ ក៏បានរកឡានអ្នកភូមិដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត ក្រោយពេលទៅដល់ពេទ្យ ជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ នៃអធិការនគរបាលស្រុកលំផាត់ កម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំល្បាំង២ បានធ្វើកោសល្យវិច្ច័យសព និងការសាកសួរប្រមូលព័ត៌មាននៅកន្លែងកើត ហេតុ បានធ្វើការសន្និដ្ឋានថាករណីនេះ ជាករណីធ្វើអត្តឃាតដោយខ្លួនឯង លេបថ្នាំសម្លាប់ខ្លួនពិតប្រាកដមែន ប៉ុន្តែមិនបានស្គាល់ថ្នាំជនរងគ្រោះលេបនោះទេ។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ ហេតុប្រគល់សពទៅឲ្យ ក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីរបស់ បងប្អូនជនជាតិដើមភាគតិច ៕