វ៉ៃខ្នោះ មន្ត្រីយោធាម្នាក់ ក្រោយលួចគាស់ឃ្លាំងរោងចក្រ យកទ្រព្យសម្បត្តិតម្លៃប្រមាណ ៣០ម៉ឺនដុល្លារ (Video)

0

ភ្នំពេញ៖ មន្ត្រីយោធាឈ្មោះ អ៊ែល វិបុល អាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិតាហុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែងឃាត់ខ្លួន ក្រោយធ្វើសកម្មភាពគាស់ឃ្លាំងរោងចក្រ លួចយកទ្រព្យសម្បត្តិនានា គិតជាទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារ ។

បើតាមនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា មន្ត្រីយោធារូបនេះ បានរងការចោទប្រកាន់ថា កាលពីយប់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រូបគេ និងបក្ខពួកជាច្រើននាក់ បានធ្វើសកម្មភាពគាស់ ឃ្លាំងរោងចក្រហេងយ៉ុង ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមពាក្យបណ្តឹង បានអះអាងថា សកម្មភាពគាស់ឃ្លាំងរោងចក្រនេះ មន្ត្រីយោធា និងបក្ខពួក បានលួចយកទ្រព្យសម្បត្តិរបស់រោងចក្រ ដែលមានតម្លៃសរុបប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក។ ការឃាត់ខ្លួនមន្ត្រីយោធាខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោក ប៊ូ ប៊ុនហេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។ ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន៖ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-8793 ចំនួន១គ្រឿង និងកាំភ្លើងខ្លី១ដើម ម៉ាក K54 ចំនួន ២បង់ គ្រាប់ ១៦គ្រាប់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង ប្រគល់ទៅឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ទីតាំងមូលដ្ឋាន កន្លែងកើតហេតុដើម្បីបន្តនីតិវិធី ធ្វើកំណត់ហេតុស្តាប់ចម្លើយ កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ៕