ដឹងការពិតហើយ! យុវតីម្នាក់ដែលប្រទះឃើញស្លាប់ ក្រោយបើកាណូតទៅរៀន បាត់ខ្លួនមួយថ្ងៃ តាមពិតត្រូវឃាតក ២នាក់សម្លាប់ (Video)

0

ភ្នំពេញ៖ ពេលនេះការពិតត្រូវបានលាតត្រដាង ក្រោយពីសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានបំបែកសំណុំរឿង ឃាតកម្ម លើយុវតីម្នាក់ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ក្រោយបើកកាណូតទៅរៀន ។ ក្នុងប្រតិបត្តិការណ៍នេះដែរ សមត្ថកិច្ចឃាត់ខ្លួនឃាតកចំនួន ២នាក់ ។

សូមរំលឹកថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលក្មេងស្រីសិស្សសាលាម្នាក់ បានបាត់ខ្លួនហើយត្រូវបានអាណាព្យាល ដើររកពេញមួយយប់ តាំងពីល្ងាចពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ព្រឹកថ្ងៃទី៤ ខែឆ្នាំដដែលទើបរកសពឃើញ នៅចំនុចផ្លូវថ្មី ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ក្រោយពីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ នៅវេលាម៉ោង ៥:៣០នាទី ល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវថ្មី ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ៥នាក់ មធ្យោបាយរថយន្ត ១គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្យ័យចំនួន ២នាក់៖ ១-ឈ្មោះ កាន់ ឈុនឡេង ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅភូមិកំពង់ថ្គោល ឃុំផ្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់, ២-ឈ្មោះ លន សុខឡូត ភេទប្រុស អាយុ ២២ ឆ្នាំ ទីលំនៅភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាប់សង្ស័យ ពាក់ព័ន្ធនិងករណីឃាតកម្ម កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ។

ក្នុងករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដកវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើរួម និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ ខេត្តកសាងសំណុំរឿង បញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី។

សូមរំលឹកថា បើតាមម្ដាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា បច្ចុប្បន្នគាត់មានទីលំនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង កូនស្រីរបស់គាត់មាន ឈ្មោះ ឡាំ រដ្ឋា អាយុ១៩ឆ្នាំ រៀនថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌។ មុនពេលកើតហេតុកូនរបស់គាត់ បានបើកទូកបាឡាទៅរៀនជាធម្មតា ដោយវេលាម៉ោង ៦ល្ងាច កូនរបស់គាត់តែងតែមកដល់ផ្ទះ ជាប្រចាំជារៀងរាល់ថ្ងៃ ដោយឡែកនៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មិនឃើញកូនរបស់គាត់ត្រឡប់ មកផ្ទះដូចសព្វដង។ ដោយបាត់កូនយប់ហើយនៅតែមិន ឃើញមកផ្ទះវិញ ក្រុមគ្រួសារ និងអ្នកស្រុកក៏បាននាំគ្នាជួយបើកទូក ដើររកទាំងយប់ដែរ តែដោយសារយប់ងងឹតរកមិនឃើញ។ លុះព្រឹកឡើងទាំងសមត្ថកិច្ចក៏ដូចជា អាជ្ញាធរ រួមទាំងប្រជាពលរដ្ឋផង ក៏បាននាំគ្នាបើកកាណូតរុករក ក៏ប្រទះឃើញសាកសព នៅវេលាម៉ោង ៨ព្រឹក នៅចំណុចខាងលើ ចំណែកទូកបាឡាដែលនាងជិះទៅរៀន គឺអណ្ដែតនៅកណ្ដាលទន្លេ ប្រមាណជាង ៥០០ម៉ែត្រពីសាកសព៕