ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា! រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២នាក់ទៀត ដែលឆ្លងពីមិត្តភក្ដិធ្វើការនៅហាង Pedro និងZando

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ទៀត ក្នុងនោះម្នាក់ឆ្លងពីមិត្តភក្ដិ ធ្វើការនៅហាង Pedro និងម្នាក់ទៀតឆ្លងពីមិត្តភក្ដិធ្វើការនៅហាង Zando ដែលធ្វើឲ្យអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» កើនដល់ ៣២នាក់។

តាមរយៈសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា អ្នកទាំង២នាក់ ដែលរកឃើញឆ្លងកូវីដ១៩នេះ រួមមាន
-បុរសឈ្មោះ អ៊ី តារា អាយុ២១ឆ្នាំ មានអាស័យដ្ឋានជិតវត្តសន្សំកុសល សង្កាត់បឹងទំពង់ ខណ្ឌមានជ័យ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលធ្វើការនៅហាង Pedro ផ្លូវព្រះមុនីវង្ស
-ស្ត្រីឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ មានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង ៨៖៣០នាទីយប់ ដោយមិនមានពាក់ម៉ាសការពារ។

បច្ចុប្បន្នអ្នកទាំង២នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបជូនផងដែរថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានធ្វើតេសត្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សរុបចំនួន១១៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌលសុខភាព ចាក់អង្រែ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៤៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៣០៦នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ សរុចចំនួន៤២នាក់ (គ្មានអ្នកស្លាប់)៕