នាយករដ្ឋមន្ត្រី អះអាងថានឹងមិនមានការស្នើសុំ ដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ

0

ភ្នំពេញ៖ បន្ទាប់ពីមានការបំភ្លើសនានា បានកើតឡើងដោយនិយាយថា នឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុកនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា នឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជា ឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនាភូតកុហក់ របស់ជនអាក្រក់នោះដែរ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី៦ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីព្រឹក សម្ដេចបាននិយាយដល់ការ ត្រៀមបំរុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា សម្ដេចក៏បានបញ្ជាក់ថា សម្ដេចមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន ដែលសម្ដេចស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។

សម្ដេចសង្កត់ធ្ងន់ថា​«ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថា នឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថា នឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជា ឱ្យបិទរាជធានីភ្នំពេញដូចការឃោសនា ភូតកុហក់របស់ជនអាក្រក់នោះដែរ» ។

សម្ដេចតេជោ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕