ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួននារីម្នាក់ ឈ្មោះ ឈិន មន្ថា អាយុ35ឆ្នាំ មានអាស័យដ្ឋាន ផ្ទះលេខ12 ផ្លូវsk05 បុរីពិភពថ្មីកួរស្រូវ3 ស្ថិតភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោមានមុខរបរជាអ្នកលក់ online ដែលមាន page ឈ្មោះ MC Cosmetic។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ2020 ម្ចាស់គណនីឈ្មោះ Ka Piink បានបង្ហោះក្នុងគណនីរបស់ខ្លួន ដែលមានខ្លឹមសារថា “ផ្សារជពូវ័ន្តបិទហើយ អ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់ ៥នាក់ទៀតក៏បានឆ្លងដែរ” បន្ទាប់មកមានអ្នកប្រើប្រាស់ បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះបានផ្ទុយពីការពិតទាំងស្រុង។ ពិនិត្យឃើញដូច្នេះអគ្គស្នងការនគរបាលស្តីទី បានចេញបញ្ជាឲ្យនាយកដ្ឋានជំនាញ ធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីឲ្យបញ្ឈប់ការចែកចាយព័ត៌មាន ដែលអាចបង្កឱ្យមានការចលាចលនៅក្នុងសង្គម។
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២រសៀល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយអធិការខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន ម្ចាស់គណនីខាងលើ ដើម្បីយកមកបំភ្លឺនៅក្នុង ប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ។
លោក យ៉ូង សុវណ្ណ នាយផ្នែកប្រឆាំងបទល្មើស តាមប្រព័ន្ធទូរគមនាគមន៍នៃ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានបញ្ជាក់ប្រាប់ថា ស្ត្រីឈ្មោះ ឈិន មន្ថា ដែលជាម្ចាស់គណនី បានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មាន ដែលមានខ្លឹមសារដូចខាងលើនោះមែន ដោយខ្លួនបានទទួលសារពីមិត្តភ័ក្កិតាម messenger ដោយខ្វះការពិចារណាខ្លួនក៏បាន បង្ហោះព័ត៌មាននេះទៅក្នុងគណនី បន្ទាប់មកខ្លួនក៏លុបចេញទៅវិញ ដោយមានអ្នកប្រាប់ថាព័ត៌មាននេះមិនពិតទេ តែខ្លួនមិនបានដឹងថាមានអ្នកយក ទៅចែកចាយបន្តយ៉ាងច្រើនដែល ធ្វើឲ្យមានការភាន់ច្រឡំពីមហាជន បន្ទាប់មកនារីឈ្មោះ ឈិន មន្ថា ក៏បានធ្វើការសុំអភ័យទោស នឹងសន្យាថាឈប់ចែកចាយព័ត៌មានណា ដែលមិនមានប្រភពច្បាស់លាស់ទៀតហើយ។
ឧត្តមសេនីយ៍ឯក ជាពៅ ប្រធាននាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានដាស់តឿនក្រើនរំលឹក ដល់អ្នកលេងក្នុងបណ្ដាញសង្គមទាំងអស់ សូមធ្វើការពិចារណា និងផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ មុនពេលដែលបង្ហោះទៅក្នុងបណ្ដាញសង្គម ជៀសវាងបង្ហោះព័ត៌មានណាដែល មិនមានការពិតនិងគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមមុខនឹងច្បាប់ និងបង្កភាពចលាចល ដល់សង្គមជាតិទាំងមូល ៕