លោកតាវ័យ ៦៦ឆ្នាំម្នាក់ស្លាប់ ខណៈម៉ូតូដាច់ជា ២កំណាត់ ក្រោយត្រូវឡានកាម៉ារី បុកទាំងកម្រោល

0

ភ្នំពេញ៖ លោកតាវ័យចំណាស់ ៦៦ឆ្នាំម្នាក់ បានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ ក្រោយមកបាន ស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ កើតឡើងនៅវេលាម៉ោង ៨៖២០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ស្ថិតត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែតលេខ១៧-១៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ជនរងគ្រោះអ្នក បើកបរម៉ូតូឈ្មោះ ឡក់ រ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ មិនមានពាក់មួកសុវត្តិភាព មានលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះបានរងរបួសធ្ងន់ បញ្ជូនទៅ មណ្ឌលសុខភាពសិលាខ្មែរ រួចបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែក ប៉ោយប៉ែតហើយបានស្លាប់ ។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុម៉ូតូ បានធ្វើដំណើរពីទិសខាងលិចទៅខាងកើត ពេលមកដល់ចំណុចកើតហេតុ ស្ថិតត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែតលេខ១៧-១៨ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ មានរថយន្ត ១គ្រឿងម៉ាកកាម៉ារីសេរីឆ្នាំ១៩៩៥ ពណ៍ស្លែ ពាក់ ផ្លាកលេខ កំពង់ចាម 2A-០៩៧៥ អ្នកបើកបរឈ្មោះ សែម រុន ភេទ ប្រុសអាយុ៤៥ឆ្នាំ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកបរពីលិចទៅកើតច្រាសទិសគ្នា បានឡើងជែងរថយន្ដមួយផ្សេងទៀត ក៏ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឲ្យដាច់ម៉ូតូជា ២កំណាត់ អ្នកបើកបរម៉ូតូ របួសធ្ងន់ បន្ទាប់មកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។

ចំណែកអ្នកបើករថយន្តដែលគេស្គាល់ឈ្មោះ សែម រុន នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ នោះកំពុងរត់គេចខ្លួន នៅពេលនេះកម្លាំងនគរបាលស្រុកអូរជ្រៅ កំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនរៀបចំ សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ឯសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕