ភ្នំពេញ៖ យុវតីម្នាក់ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ បើកកាណូតទៅរៀន ស្រាប់តែបាត់ខ្លួនមួយថ្ងៃមិនឃើញត្រឡប់មកផ្ទះ លុះព្រឹកឡើងត្រូវបានគេឃើញ សពអណ្ដែតទឹក។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវថ្មី ភូមិអ្នកតាតាង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
បើតាមប្រភពពីម្ដាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា បច្ចុប្បន្នគាត់មានទីលំនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង កូនស្រីរបស់គាត់មាន ឈ្មោះ ឡាំ រដ្ឋា អាយុ១៩ឆ្នាំ រៀនថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌។
មុនពេលកើតហេតុកូនរបស់គាត់ បានបើកទូកបាឡាទៅរៀនជាធម្មតា ដោយនៅវេលាម៉ោង៦ល្ងាច កូនរបស់គាត់តែងតែមកដល់ផ្ទះជាប្រចាំជារៀងរាល់ថ្ងៃ ដោយឡែកនៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មិនឃើញកូនរបស់គាត់ត្រឡប់មកផ្ទះដូចសព្វដង។ ដោយបាត់កូនយប់ហើយនៅតែមិន ឃើញមកផ្ទះវិញ ក្រុមគ្រួសារ និងអ្នកស្រុកក៏បាននាំគ្នាជួយបើកទូក ដើររកទាំងយប់ដែរ តែដោយសារយប់ងងឹតរកមិនឃើញ។ លុះព្រឹកឡើងទាំងសមត្ថកិច្ចក៏ដូចជា អាជ្ញាធរ រួមទាំងប្រជាពលរដ្ឋផង ក៏បាននាំគ្នាបើកកាណូតរុករក ក៏ប្រទះឃើញសាកសព នៅវេលាម៉ោង៨ព្រឹក នៅចំណុចខាងលើ ចំណែកទូកបាឡាដែលនាងជិះទៅរៀន គឺអណ្ដែតនៅកណ្ដាលទន្លេ ប្រមាណជាង៥០០ម៉ែត្រពីសាកសព។
មេបញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានបញ្ជាក់ថា បន្ទាប់ពីរកសាកសព និងទូកបាឡាឃើញ ទូកនោះពុំឃើញមានម៉ាស៊ីន និងកាបូបស្ពាយ សម្រាប់ដាក់សៀវភៅសិក្សារបស់ជនរងគ្រោះ និងទូរស័ព្ទមួយគ្រឿងទៀត ក៏មិនឃើញផងដែរ។
មកដល់រសៀលថ្ងៃទី០៤ ខែធ្នូនេះ សមត្ថកិច្ចនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្រ្ត កំពុងតែធ្វើកោសល្យវិច័យ និងជិះទូកទៅពិនិត្យនៅកន្លែងកើតហេតុនៅឡើយ ដូច្នេះលទ្ធផលមិនទាន់ដឹងថា យ៉ាងណានោះទេ ដោយរង់ចាំមើលមន្ត្រីជំនាញពិនិត្យ និងស្រាវជ្រាវរួចរាល់សិន។
ពាក់ព័ន្ធករណីនេះ ក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋាន បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ជួយស្រាវជ្រាវលើកករណីនេះឲ្យបានយកចិត្តទុកដាក់ ដើម្បីឲ្យពួកគាត់អស់មន្ទិលសង្ស័យនៅក្នុងចិត្ត ថាតើជនរងគ្រោះស្លាប់ដោយសារអ្វីពិតប្រាកដ?៕