ពិតជាមេីលមិនឃើញមែន! កំពុងជិះកង់ហាត់ប្រាណ សុខៗស្រាប់ត្រូវរថយន្ដ ដាច់ហ្វ្រាំង មកបុកបណ្ដាល អោយបាក់ភ្លៅ

0

ភ្នំពេញ៖ ឡានធំមួយគ្រឿង បានដាច់ហ្វ្រាំងរហូតជ្រុល បុកបុរសម្នាក់ ដែលកំពុងជិះកង់ហាត់ប្រាណ បណ្តាលអោយបាក់ភ្លៅខាងស្ដាំ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កផងដែរ ។
គ្រោះថ្នាក់ចរាចរណ៍ នេះ កើតឡើង នៅចំណុចខាងមុខច្រកចូលបន្ទាយសុវត្ថិភាព K12 លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនបង្កមានឈ្មោះ ផួយ វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

បើយោងតាមប្រភពព័ត៌មាា បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ASIA GRANTO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-3634 បើកបរក្នុងទិសដៅពីត្បូងទៅជើង ។ ពេលមកដល់ចំណុចកើតហេតុ រថយន្ត បានដាច់ហ្រ្វាំងរួចរេចង្កូតមកឆ្វេង ក៏បានបុកជាមួយកង់មួយគ្រឿងម៉ាក GIANT ពណ៌ខ្មៅ អ្នកជិះកង់ឈ្មោះ អ៊ុក រ៉ាស៊ី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសបាក់ភ្លៅខាងស្ដាំ ត្រូវបានមិត្តភភ្តិ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ នេះ ត្រូវបានសមត្ថកិច្ច អះអាងថា មកពីអ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន មិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យបានត្រឹមត្រូវមុននឹងចេញដំណើរ ទើបបណ្ដាលឲ្យដាច់ហ្រ្វាំងរេចង្កូតទៅ បុកអ្នកជិះកង់ បែបនេះ ៕