ភ្នំពេញ៖ រថយន្តសង្គ្រោះបន្ទាន់ ដឹកសាកសពជនជាតិចិន និងសំណាក ៣កេស យកទៅធ្វើតេសត្តរកវីរុសកូវីដ១៩ នៅរាជធានីភ្នំពេញ អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយម៉ូតូសណ្ដោងរឺម៉កលក់ផ្កា បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែង ។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង ៦៖២០នាទី ល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចចន្លោះគីឡូម៉ែត្រ១២១-១២២ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
បើតាមប្រភពព័ត៌មាន ពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង ដោយរថយន្តសង្រ្គោះបន្ទាន់មួយគ្រឿងម៉ាក MAXUSV80 ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ១២-២០៩១១ នៅក្នុងរថយន្តមាន ដឹកសពជនជាតិចិនម្នាក់ និងសំណាកកូវីត១៩ ចំនួន ៣កេសដើម្បីយកទៅធ្វើតេស និងពិនិត្យនៅភ្នំពេញ ។
ប្រភពដដែលបញ្ជាក់ថា ចំពោះសំណាកទាំង ៣កេសនោះពុំមានការបែក រឺដាច់រហែកទេ ។ ក្រោយកើតហេតុសាកសព និងសំណាកកូវីត១៩ ត្រូវបាន រថយន្ត សាមុយរបស់ មន្ទីរពេទ្យបង្អែកខេត្តដឹកបន្តទៅភ្នំពេញ ហើយ រីឯអ្នកបើកបររថយន្ត សាមុយបង្ក មិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចកើតហេតុខាង រថយន្តបានបុកពីក្រោយ ម៉ូតូសណ្តោងរឺម៉កមួយគ្រឿងម៉ាក WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ សណ្តោងរឺម៉កលក់ផ្កា ក្នុងទិសដៅស្របគ្នា បើកបរដោយឈ្មោះ រាម ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរលក់ផ្កា។ ហេតុការណ៍ខាងលើបណ្តាល ឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ បច្ចុប្បន្នផ្នែកជំនាញកំពុងស្រាវ និងប្រគល់សពជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕