ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលលួច លុយក្នុងផ្ទះគេ តែអកុសលត្រូវម្ចាស់ផ្ទះ ឃើញទាន់ ចាប់បានវាយស្ទើរ ស្លាប់ស្ទើររស់ ។
បើតាមលោក ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានប្រាប់ថា នៅវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ មានប្រជាពលរដ្ឋឈ្មោះ មាន ចាន់ថន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំគោករមៀតថា មានប្រជាពលរដ្ឋចាប់បានចោរ ចូលលួចលុយនៅក្នុងផ្ទះរបស់ឈ្មោះ ប្រាក់ ថង ភេទស្រីអាយុ៦០ឆ្នាំ នៅចំណុចផ្សារពីរជាន់បឹងត្រកួន (កំពុងសាងសង់) ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃើញប្រជាពលរដ្ឋចាប់ជនសង្ស័យឈ្មោះ ផ្លាយ សុផ្លា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ដោយឃើញមុខមាត់ បែកឈាមឡើងហើមពោរ ។ ពេលឃើញបែបនេះ សមត្ថកិច្ចយើងបានឃាត់មិនឱ្យ វាយជនសង្ស័យតទៅទៀតឡើយ ហើយបាននាំខ្លួនជនសង្ស័យ មកកាន់ប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានចូលលួច យកលុយរបស់ឈ្មោះ ប្រាក់ ថង ពិតប្រាកដមែន ។ ម្យ៉ាងវិញទៀតនៅពេលដែល នគរបាលចុះទៅដល់កន្លែងនោះឃើញ មានវត្ថុតាងលុយថៃដែលជនសង្ស័យ លួចបានចំនួន ៤,៨៤០បាត និងលុយខ្មែរចំនួន ១៥០,០០០រៀល ។ លុយទាំងអស់ត្រូវបាន ប្រគល់ជូនម្ចាស់ដើមវិញ ។
ចំណែកជនសង្ស័យក្រោយពីសួរនាំរួច បានបញ្ជូនទៅព្យាបាលរបួស រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្ត ទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕