ភ្នំពេញ៖ ក្មេងប្រុស ២នាក់ជាបងប្អូនបង្កើត បានលង់ទឹករណ្ដៅដីស្លាប់ យ៉ាងអាណោចអាធ័ម ខណៈដែលឪពុករវល់ដឹកក្របីយកទៅឲ្យផឹកទឹក រីឯស្រ្តីម្ដាយរវល់កើបស្រូវ នៅលានខាងក្រោយផ្ទះ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៤រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចរណ្ដៅដី ផ្នែកខាងជើងផ្ទះចម្ងាយប្រមាណ ៥០ម៉ែត្រ ស្ថិតនៅភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះទាំង ២នាក់រួមមាន៖ កុមារារងគ្រោះមានឈ្មោះ គា តុលា អាយុ ៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ គា សីហា អាយុ ៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ សាន គា អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងម្ដាយឈ្មោះ វ៉ែន ចាន់ អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិ ឃុំកើតហេតុ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុឪពុកម្ដាយឃើញកូនៗ នាំគ្នាលេងនៅមុខផ្ទះ ខណៈនោះឪពុកបានដឹកក្របី យកទៅឲ្យផឹកទឹកនៅឯស្ទឹង ដែលមានចម្ងាយប្រមាណ ៣០០ម៉ែត្រពីផ្ទះ ចំណែកឯស្រ្តីជាម្ដាយទៅកើប ស្រូវលានផ្នែកខាងក្រោយផ្ទះ កំពុងតែនាំគ្នារវល់បែបនេះ ស្រាប់តែបាត់កូនៗអត់ដឹងទៅណា ទើបនាំគ្នាឆោឡោចែកផ្លូវគ្នាដើររក ក៏ប្រទះឃើញស្បែកជើងនៅមាត់រណ្ដៅ កាយយកទឹកដើម្បីប្រើប្រាស់ ក៏មានការសង្ស័យនាំគ្នាចុះរាវ ក្នុងទឹកជម្រៅប្រមាណ ៤ម៉ែត្រ ប្រទះឃើញស្លាប់អស់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនឪពុកម្ដាយ ដើម្បីទទួលយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕