នារីជនជាតិអង់គ្លេសម្នាក់ កំពុងឈរលេងទូរសព្ទ មុខផ្ទះសុខៗ ស្រាប់តែ……ផ្អើលឆោឡោដល់អ្នកភូមិ

0

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន រាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវ ច្បាប់ ពីបទលួចមានស្ថាន ទម្ងន់ទោស ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះ ជាស្រ្តីជនជាតិអង់គ្លេស តែត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល សង្កាត់ទន្លេបាសាក់ ចាប់ខ្លួនបាន ។

បើយោងតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលខណ្ឌចំការមន ឱ្យដឹងថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មានស្រ្តីជនជាតិអង់គ្លេស ម្នាក់ មានឈ្មោះ សា ប៊ីណា អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវនរោត្តមក្រុម៣៧ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងឈរលេងទូរស័ព្ទ ខាង មុខផ្ទះ ស្រាប់តែពេលនោះជនសង្ស័យ ឈ្មោះ សោម ប៊ុនណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ បានជិះម៉ូតូឌុប មកឈប់ចុះនៅក្បែរ ផ្ទះជនរងគ្រោះ ហើយបន្ទាប់មកក៏ធ្វើសកម្មភាព ឆក់ទូរស័ព្ទស្រ្តីរងគ្រោះ  បង្កឱ្យមានការភ្ញាក់ផ្អើល ឆោឡោដល់អ្នកភូមិ។

ក្រោយមកជនសង្ស័យ បានរត់គេចខ្លួន ដល់វត្តថាន់ ផ្លូវនរោត្តម ក៏ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទន្លេបាសាក់ ស្ទាក់ចាប់ខ្លួន បាន ខណៈដែលកម្លាំងនគរបាលប៉ុស្តិ៍ កំពុងល្បាតនិងដកហូត មកវិញ វត្ថុតាងទូរស័ព្ទ ជនរងគ្រោះ០១គ្រឿង និងបានប្រគល់ ទៅឱ្យជនរងគ្រោះវិញផងដែរ ៕