ភ្នំពេញ៖ កីឡាករថ្នាលជម្រើសជាតិ សូហ្វតិន្នីសកម្ពុជាចំនួន ៣នាក់ ត្រូវបានក្មេងទំនើង មិនស្គាល់អត្តសញ្ញាណមួយក្រុម ប្រដាប់ដោយកាំបិត និងដាវ ដេញកាប់ប្រហារតាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ត្រង់ចំណុចអាគារ ៤២ជាន់ ម្តុំផ្សារទំនើបឡាក់គី កាលពីម៉ោង ៧យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលដែលពួកគេ ចេញពីប្រឡងមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) បំណងធ្វើដំណើរទៅផ្ទះ បណ្តាលឲ្យរងរបួសធ្ងរ ។
កីឡករទាំង ៣នាក់ ដែលត្រូវក្មេងទំនើងដេញកាប់ នោះរួមមាន៖ កីឡាករ បូរ សុខរ័ត្ន រងរបួសប្រេះលលាដ៍ក្បាលធ្ងន់ធ្ងរ ដេកសន្លប់ស្តូកស្តឹងក្នុងថ្នុកឈាម, កីឡាករ គង់ សុចិន រយះស្មាខាងស្តាំដេរ ១១ថ្នេរ និងកីឡាករ រស់ សារ៉ាត់ ដាច់មេដៃខាងស្តាំ និងដាច់រយះស្មាខាងឆ្វេងធ្ងន់ធ្ងរ។
បច្ចុប្បន្ន ពួកគេទាំង៣ កំពុងទទួលការសង្គ្រោះព្យាបាល នៅមន្ទីពេទ្យកាល់ម៉ែត្រ។
ទាក់ទិនបញ្ហានេះដែរ អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក៏ដូចជាសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន បានអំពាវនាវដល់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយអន្តរាគមន៍វែកមុខជនដៃដល់ និងបក្សពួកដែលសុទ្ធសឹង ជាក្មេងទំនើងបង្កហេតុ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
អង្គភាពខាងលើក៏បានសម្ដែងនូវ អារម្មណ៍សោកស្តាយយ៉ាងខ្លាំង ដែលហេតុការណ៍នេះ បានកើតឡើងចំពោះកីឡាករជម្រើសជាតិ ថ្នាលសូហ្វតិន្នីសកម្ពុជា ដែលមានសក្ដានុពល និងជាធនធានរបស់ជាតិយើង ត្រៀមសម្រាប់ប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ជាពិសេសស៊ីហ្គេម២០២៣៕




