ភ្នំពេញ៖ បុរសម្នាក់បើករ៉ឺម៉កដឹកផ្កាដើរលក់ មិនប្រុងប្រយ័ត្ន ត្រូវរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យ បើកបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យដាច់ខ្យ់ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ៦៖២០នាទី ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២០-១២១ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ដឹកផ្កាលក់ចល័តនោះ ឈ្មោះ រាម ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង បានរងរបួសធ្ងន់ធ្ងរ ហើយបានដាច់ខ្យល់ស្លាប់ នៅពេល បញ្ជូនទៅសង្គ្រោះ ។
គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្តសង្គ្រោះ មួយគ្រឿង ក្នុងទិសដៅស្របគ្នា ពីខេត្តព្រះសីហនុ ទៅភ្នំពេញ។ អ្នកបើកបរ រថយន្តសង្គ្រោះ គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណ។ បច្ចុប្បន្ន រថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំពង់សីលា៕