ភ្នំពេញ៖ យុវជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត យកមកអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់.ក្រោយពីជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពយកម៉ូតូ និងគ្រឿងអលង្ការរបស់នារីជាសង្សាររបស់ខ្លួន យកទៅលក់ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួង សុផល ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល.ស្រុកស្អាង. ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះ នៅ ចន្នី ភេទស្រី អាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មការនី។ ចំណែកសម្ភារៈបាត់បង់មាន៖ ម៉ូតូចំនួន១គ្រឿងម៉ាក honda zoome x ពណ៌ផ្កាឈូកលាយខ្មៅចំនួន១គ្រឿង, គ្រឿងអលង្កាមួយចំនួនសរុបទឹកប្រាក់ ២៦១៣ដុលាអាមេរិច ។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យ និងនារីរងគ្រោះជាសង្សារនឹងគ្នា ហើយរស់នៅក្នុងបន្ទប់ជួលជាមួយគ្នា អស់រយៈពេល ២ខែមកហើយ ដោយការរស់នៅមិនចុះសម្រង់នឹងគ្នា នារីរងគ្រោះក៏មានចិត្តចង់បែកបែ ហើយនារីរងគ្រោះក៏បានឲ្យប្អូនស្រី ២នាក់ មកដេកជាមួយ ដើម្បីកុំឲ្យជនសង្ស័យជាសង្សារដេកក្នុងបន្ទប់។ លុះមកដល់ថ្ងៃកើតហេតុ នារីរងគ្រោះបានទុកម៉ូតូ និងគ្រឿងអលង្ការមួយចំនួន ទុកក្នុងបន្ទប់ដេក ហើយខ្លួនបានចូលក្នុងបន្ទប់ទឹកងូតទឹក ដោយពុំបានដាក់គន្លឹះ ខណៈនោះជនសង្ស័យក៏បានចូល រួចយកម៉ូតូនិងគ្រឿងអលង្ការ ទាំងនោះទៅលក់បាត់ រហូតមកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២០និង០០នាទី ជនរងគ្រោះបានតេទូរសព្ទ័ហៅ ជនសង្ស័យមកបន្ទប់ជួលរបស់ខ្លួន ដើម្បីសួររឿងម៉ូតូ និងក្រដាសបញ្ចាំគ្រឿងអលង្ការ ស្រាប់តែជនសង្ស័យថា បានលក់ផ្តាច់អស់ហើយ។
ក្រោយមកជនរងគ្រោះ ក៏បានមកប្តឹងសមត្ថកិច្ចនៅ អធិការនគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕