លួចស៊ីម៉ង់ត៍លក់រាប់ឆ្នាំ ត្រូវក្រុមហ៊ុនតាមដានដឹង ប្ដឹងសមត្ថកិច្ច ចាប់ដាក់គុក (Video)

0

ភ្នំពេញ៖ ជនសង្ស័យ ៣នាក់ ដែលជាអ្នកបើកបររថយន្ត ដឹកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប ត្រូវបានតំណាងក្រុមហ៊ុន ចាប់ប្រគល់ឲ្យ សមត្ថកិច្ចនគរបាល ខណ្ឌដង្កោ ក្រោយពីដឹងថា ជនសង្ស័យទាំង ៣នាក់នោះ បានលួចស៊ីម៉ង់ត៍របស់ខ្លួន យកទៅលក់ឲ្យក្រុមហ៊ុនផ្សេង ។ ករណីឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៦ល្ងាច ត្រង់ចំណុចក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៣នាក់នោះរួមមានៈ ១.ឈ្មោះ ហយ ហាញ អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ, ២.ឈ្មោះ អុល អន អាយុ ៣៩ឆ្នាំ ទីលំនៅភូមិកណ្តាល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល និង៣.ឈ្មោះ ហយ បញ្ញា អាយុ ៣៣ឆ្នាំ ទីលំនៅភូមិអង្គដូនពិស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ បុរសបីនាក់នេះ មានមុខរបរជា អ្នកបើករថយន្តដូចគ្នា ។

ចំណែកជនរងគ្រោះឈ្មោះ ងិន សុផារិន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរប្រធានរដ្ឋបាលក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាតំណាងឱ្យក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង ៣នាក់ ជាអ្នកបើករថយន្តដឹកស៊ីម៉ង់ត៍ ចេញពីក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ទៅដឹកស៊ីម៉ង់ត៍ ពីរោងចក្រចក្រីទីង ស្ថិតនៅខេត្តកំពតមក រាជធានីភ្នំពេញ ។ ប៉ុន្តែពេលជនសង្ស័យទាំង ៣នាក់ខាងលើ បើករថយន្តដឹកស៊ីម៉ង់ត៍ យកទៅដាក់តាមដេប៉ូ ក្នុងរាជធានីភ្នំពេញ ជនសង្ស័យបានលួចបូមស៊ីម៉ង់ត៍ យកទៅលក់ ឱ្យម៉ូយផ្សេងៗ ក្នុង ១លើកៗអស់ចំនួនពី ៥០គីឡូក្រាម ទៅ ៣០០គីឡូក្រាម ។

តំណាងក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ បានឱ្យដឹងថា នៅពេលបុគ្គលិករបស់ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ ទៅទូទាត់លុយពី ភ្ញៀវនៅតាមដេប៉ូនីមួយៗ ភ្ញៀវបានឱ្យវិក្កយបត្រ ទូទាត់លុយបាត់ស៊ីម៉ង់ត៍ក្នុង ១ រថយន្ត អស់ពី ៥០គីឡូក្រាម ទៅ ៣០០គីឡូក្រាម ។ ពេលនោះខាងក្រុមហ៊ុន បានហៅជនសង្ស័យខាងលើ មកធ្វើការសួរនាំតែពួកគេបានឆ្លើយថា ការបាត់បង់ស៊ីម៉ង់ត៍ បណ្តាលមកពីជញ្ជីងថ្លឹងឡើង និងជញ្ជីងថ្លឹងចុះ រួចបុគ្គលិក ក្រុមហ៊ុន ស៊ីហ៊ូហុយ បានទៅត្រួតពិនិត្យជញ្ជីង នៅតាមដេប៉ូនីមួយៗឃើញថា ជញ្ជីងមានភាពប្រក្រតីត្រឹមត្រូវ ។

លុះដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៦ល្ងាច ប្រធានក្រុមហ៊ុន បានហៅជនសង្ស័យទាំង ៣នាក់ខាងលើ មកសួរនាំម្តងទៀត ទើបឆ្លើយសារភាពថា ពួកគេពិតជាបានលួចបូម ស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន យកទៅលក់ឱ្យម៉ូយផ្សេងៗ កាលពីអំឡុងឆ្នាំ២០១៨ ប្រាកដមែនរួចបុគ្គលិក ក្រុមហ៊ុន ក៏បានធ្វើការត្រួតពិនិត្យ ទៅលើស៊ីម៉ង់ត៍ ដែលបានបាត់បង់ឃើញថា ចាប់ពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន មានការបាត់បង់ ស៊ីម៉ង់ត៍ជាង ១៩៨តោន គិតជាទឹកប្រាក់សរុបចំនួន ១៤.៨៥០ដុល្លារ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា យោងតាមពាក្យបណ្ដឹង របស់តំណាងក្រុមហ៊ុន និង ម្លើយសារភាព របស់ជនសង្ស័យថា ពួកគេពិតជាបានលួចស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនលក់ពិតប្រាកដមែន កាលពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន ពេលនេះ ជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕