ភ្នំពេញ៖ នារីខ្មែរម្នាក់ទៀតហើយ បានចាញ់បោកមេខ្យល់ យកទៅលក់នៅប្រទេសចិន ដោយប្រើរូបភាពរៀបការជាមួយប្ដីជនជាតិចិន ។ ចំពោះករណីនេះដែរសមត្ថកិច្ច ក៏កំពុងតែដុតដៃដុតជើង ជួយអន្តរាគមន៍ផងដែរ ។
យោងតាមហ្វេសប៊ុកឈ្មោះ Da Lin បានបង្ហោះកាលពីពេលថ្មីៗនេះថា «សូមជួយខ្ញុំផង ឥឡូវខ្ញុំត្រូវចាញ់បោកយកមកលក់ នៅប្រទេសចិនហើយ សូមសម្ដេចតា ហ៊ុន សែន ជួយកូនចៅផង» ។
ពាក់ព័ន្ធបញ្ហានេះដែរ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី២ ធ្នូនេះ បានបញ្ជាក់ថា សមត្ថកិច្ចកំពុងអន្តរាគមន៍ជួយ នារីខ្មែរម្នាក់ទៀត រស់នៅស្រុកសំបូរ ខេត្តក្រចេះ ដែលត្រូវបានមេខ្យល់ឆបោក យកទៅនៅប្រទេសចិន ដោយរូបភាពរៀបការប្តីជនជាតិចិន។
លោកស្រីឧត្តមសេនីយ៍ត្រី នៅ រតនា ស្នងការរងបញ្ជាក់ថា ដោយមានការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ស្នងការ នគរបាលបាននិងកំពុងខិតខំស្រាវជ្រាវបន្ត កិច្ចការងារដើម្បីរៀបចំឯកសារ ទៅក្រសួងការបរទេស និងលេខាធិការដ្ឋានមេគង្គឡានឆាង តាមរយៈនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីជួយ សង្រ្គោះនារីរងគ្រោះខាងលើ អោយត្រឡប់មកប្រទេសកំណើតវិញ ៕

