ភ្នំពេញ៖ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក បានកើតឡើង ២ករណីផ្សេងគ្នា ដោយកាណូតបុកកាណូត នៅលើបឹងទន្លេសាប បណ្ដាលឱ្យមនុស្សស្លាប់ ២នាក់ នៅស្រុកក្រគរ និងស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់។
ករណីទី១.បានកើតឡើងកាលពីវេលាម៉ោង ២:៣០នាទីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ រវាងកាណូត និងកាណូត នៅដងស្ទឹងច្រកែងស្រោង ស្ថិតក្នុងភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ជនបង្កមានឈ្មោះ ព្រំ គឺ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិកូនក្រាយ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានបើកក្នុងល្បឿនលឿន បញ្ច្រាសទិសគ្នា មកដល់ចំណុចកើតហេតុ បានបុកជាមួយកាណូត ជនរងគ្រោះឈ្មោះ សាំង ផេង បណ្តាលឱ្យស្លាប់។
ករណីទី២.កាលពីវេលាម៉ោង ០៨:២០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកមួយទៀត នៅប្រឡាយផ្លូវទឹក ស្ថិតក្នុងភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឡើងដោយកាណូតមិនស្គាល់ភិនភាគ (បើករត់បាត់) បានបុកកាណូតសំប៉ាន បណ្តាលឱ្យជនរងគ្រោះឈ្មោះ លឿង ធីលុង ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ធ្លាក់ទឹកស្លាប់។
ចំពោះសាកសពទាំងពីរ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យប្រពៃណី។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនេះ សមត្ថកិច្ច បាននិងកំពុងបើកការស្រាវជ្រាវ និងចាត់វិធានការ ចំពោះកាណូតដែលបើកក្នុងល្បឿនលឿន បង្កជាហានិភ័យ ក៏ដូចជាបង្កជាបទល្មើស បំភ្លិចបំផ្លាញធនធានធម្មជាតិផងដែរ ៕