ក្រុមហ៊ុនផលិតកម្មវិធីល្បីៗ Master Chef និង The Voice ត្រូវបានវាយប្រហារកាលពីសប្តាហ៍មុន

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីខែវិច្ឆិកាឆ្នាំមុនក្រុមហ៊ុន Microsoft បានធ្វើការណែនាំក្រុមហ៊ុននានា ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹង ការវាយប្រហារជំរិតទារប្រាក់ (Ransomware) ដែលគេឱ្យឈ្មោះថា DoppelPaymer។ មិនយូរប៉ុន្មានផងកាលពីចុងសប្ដាហ៍នេះ ក៏មានការលេចធ្លាយថា ក្រុមហ៊ុន Endemol Shine Group របស់ប្រទេសហូឡង់ត្រូវបានវាយប្រហារ ហើយព័ត៌មានមួយចំនួន ត្រូវបានចែកចាយនៅក្នុងគេហទំព័រ សម្រាប់ផ្សព្វផ្សាយព័ត៌មានបែកធ្លាយ។

ទោះបីជាក្រុមហ៊ុន Endemol Shine មិនទាន់បានបញ្ជាក់ពីចំនួនទឹកលុយ ដែលជនអនាមិកបានទាមទារក៏ដោយ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ បច្ចេកវិទ្យាបានប៉ាន់ប្រមាណថា អាចដល់រាប់លានដុល្លារឯណោះ ព្រោះក្រុមជនអនាមិកនេះបាន ទាមទារឱ្យក្រុមហ៊ុនផលិតប្រេង PEMEX របស់ប្រទេសម៉ិចស៊ិក បង់ទឹកប្រាក់ចំនួន ៤.៩លានដុល្លារ ទាក់ទងនឹងការវាយប្រហារស្រដៀងគ្នានេះដែរ។ រហូតមកដល់ពេលនេះក្រុមហ៊ុន បានប្រាប់ឱ្យដឹងថា ព័ត៌មានមួយចំនួនរបស់បុគ្គលិក និងព័ត៌មានដែលទាក់ទងទៅនឹង ការផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវបានទាញយក។

គួរបញ្ចាក់ផងដែរថា ក្រៅពីក្រុមហ៊ុនធំៗទាំងពីរខាងលើ នេះ ពួកគេក៏បានវាយប្រហារទៅលើ ក្រុមហ៊ុនល្បីៗផ្សេងៗទៀតដូចជា ក្រុមហ៊ុន Digital Management Inc. ដែលជាក្រុមហ៊ុនដៃគូមួយរបស់ NASA សហរដ្ឋអាមេរិក, សាកលវិទ្យាល័យ Newcastle និងក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត និងប្រព័ន្ធបណ្ដាញ Bretagne Télécom របស់ប្រទេសបារាំងផងដែរ ៕