បុរស៣នាក់ ដោះខោអាវចូលម៉ាស្សាកោសជប់ ចេញមកវិញបើកកាបូបលុយ ស្លុតចិត្ត (Video)

0

ភ្នំពេញ៖ បុរស ៣នាក់ ឡើងពីខេត្តមកភ្នំពេញ ដើម្បីយករថយន្តមកលក់ ខណៈលក់បានលុយចំនួន ១០.៥០០ដុល្លារ ក៏នាំគ្នាចូលម៉ាស្សាកោសជប់ ស្រាបតែនារីម៉ាស្សា បន្លំលួចលុយអស់ ៥.០០០ដុល្លារ ដោយទុកលុយដុល្លារខ្មោច ៦០០ដុល្លារក្នុងកាបូប ។ ហេតុការណ៍នេះបានបង្កការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ ៖១០នាទី យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ត្រង់ចំណុចហាងម៉ាស្សាមួយកន្លែង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់លុយ មានឈ្មោះ រុន អេម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានស្រុកកំណើត នៅភូមិជ្រុងពពេល ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមសម្ដីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នា ៣នាក់ បានបើករថយន្តកូរ៉េមួយគ្រឿង មកពីខេត្តស្វាយរៀងយកមកលក់ នៅភ្នំពេញម្ដុំផ្លូវលេខ២០០៤ បានលុយ ១០.៥០០ដុល្លារ ។ ពេលលក់បានលុយហើយ ក៏បាននាំគ្នាចូលម៉ាស្សាកោសជប់ ឲ្យស្រួលខ្លួនបន្តិច ។ ខណៈគាត់ដោះខោអាវ និងកាបូបយកទៅព្យួរមិនទាន់ បានម៉ាស្សាស្រួលខ្លួនផង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ មួយគ្រឿងមិនចាំម៉ាកមកស្រែក នៅខាងមុខហាងថា (ប៉ូលិសៗមកហើយ) រួចបានជិះម៉ូតូចេញទៅបាត់ ធ្វើឲ្យគេទាំង ៣នាក់មានការភិតភ័យ ដោយខ្លាចប៉ូលិសចាប់ដែរនោះ ក៏ចេញពីហាងម៉ាស្សាទាំងប្រញាប់ប្រញាល់ ហៅកង់បីជិះមកផ្លូវវេងស្រេង រកផ្ទះសំណាក់ដេកនៅម្ដុំបឹងក្រពើ ។ ពេលមកដល់ផ្ទះសំណាក់ ហើយបានដោះកាបូបស្ពាយចេញ តែដោយមានការសង្ស័យ កាបូបស្រាលពេក ក៏ឆែកមើលស្រាប់តែ បាត់លុយអស់ ៥.០០០ដុល្លារ ហើយបែរជាមានលុយដុល្លារខ្មោច ៦០០ដុល្លារ ទៅវិញ ។

ប្រភពដដែលបានបន្តទៀតថា ពេលឃើញបាត់លុយដូច្នេះ គាត់ទាំង ៣នាក់បានជិះកង់បីមកកន្លែងម៉ាស្សាវិញ ស្រាប់មកដល់គេបិទភ្លើងងងឹតឈឹង និងយកស្លាកយីហោចេញអស់ ។ មួយសន្ទុះក្រោយមកក៏មានបងប្អូន អ្នកសារព័ត៌មានជាច្រើនចុះមកសួរនាំ និងធ្វើការឡាយផ្ទាល់ផងដែរ ដើម្បីឲ្យសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ ប៉ុន្តែគ្មានសមត្ថកិច្ចណាម្នាក់ មកអើតសួរនាំសោះឡើយ។

ក្រោយមក ជនរងគ្រោះបានជិះកង់បី ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ទាំងក្ដីអស់សង្ឃឹម ខណៈត្រឡប់ទៅផ្ទះវិញ មិនដឹងត្រូវដោះស្រាយយ៉ាងណា ចំពោះគ្រួសារនូវបញ្ហាខាងលើនេះ ៕