វាយខ្នោះបុរសម្នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន បែរជារកឃើញឈើប្រណីត ជាច្រើននៅក្នុងផ្ទះទៅវិញ (Video)

0

ភ្នំពេញ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគបាលខេត្ដរតនគិរី បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងឆែកឆេរកឃើញឈើប្រណីត ជាច្រើនទៀត នៅក្នុងផ្ទះ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ វង្ស វ៉ា ហៅប្រុស ជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ កម្លាំងប៉ូលិសបានចុះទៅបង្រ្កាបទីតាំង ប្រើប្រាស់សារធាតុញៀនមួយកន្លែង នៅត្រង់ចំណុចសាលារៀនហេងលាងចាស់ ស្ថិតក្នុងភូមិសាស្រ្តក្រុងបានលុង។ ហើយក៏បានឆែកឆេរកឃើញ និងរឹបអូសវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនមួយថងធំ, ម៉ូតូម៉ាក ZOOMER មួយគ្រឿង ទូរស័ព្ទដៃមួយគ្រឿង និងឈានដល់ធ្វើការឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ វាំង ចាន់សុវណ្ណ ហៅក្ដឹប បញ្ជូនទៅស្នងការដ្ឋាននគបាលខេត្ត ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យនោះបានឆ្លើយសារភាពថា ការជួញដូរសារធាតុញៀនកន្លងមក គឺបានជាប់ពាក់ព័ន្ធមនុស្ស មួយចំនួនផ្សេងទៀត។ ក្រោយពីសាកសួរជនសង្ស័យរួច នៅថ្ងៃទី៣០ ខែវិច្ឆិកា ក៏បានសហកាជាមួយតុលាការ ហើយនាំកម្លាំងទៅឡោមព័ទ្ធផ្ទះឈ្មោះ វង្ស វ៉ា ហៅប្រុស មួយកន្លែងទៀតដើម្បីត្រួតពិនិត្យ។ ប៉ុន្ដែខណៈដែលសមត្ថកិច្ចឡោមព័ទ្ធនោះ ម្ចាស់ផ្ទះគេបានចាក់សោទ្វាររបងពីខាងក្រៅ។ ហើយសមត្ថកិច្ចបានសម្រេច កាត់សោចូលទៅខាងក្នុងផ្ទះ ហើយបានរកឃើញគំនរឈើ ជាច្រើនដុំ និងគ្រឿងញៀនចំនួនពីរថង់តូច សម្ភារសម្រាប់ច្រកថ្នាំមួយចំនួន ខ្នោះដៃមួយ កាំបិតស្នៀតមួយកាំបិតដងវែងមួយ ដំបងពីរកំណាត់ចំនួនពីរផងដែរ។

ក្រោយពីធ្វើការឆែកឆេរួច រាល់វត្ថុតាងទាំងអស់នោះ ត្រូវបានរឹបអូសហើយបាននាំខ្លួន ម្ចាស់ផ្ទះម្នាក់ឈ្នោះ វង្ស វ៉ា ហៅប្រុសនោះទៅកាន់ស្នងការដ្ឋានសួរនាំបន្ត។ ក្រោយពីសាកសួរធ្វើកំណត់ហេតុរួច ជនសង្ស័យរួមនិងវត្ដុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តដើម្បី ចាត់ការបន្តតាមផ្លូវច្បាប់ ៕