ជាប់ទោសព្រោះមាត់! ដូចពាក្យចាស់និយាយមិនខុសមែន «ត្រីកំភ្លាញស្លាប់ព្រោះមាត់» (Video)

0

ភ្នំពេញ៖ ដូចពាក្យចាស់បុរាណបានពោលថា «ត្រីកំភ្លាញស្លាប់ព្រោះមាត់» ពិតជាប្រាកដមែន ជាក់ស្ដែងបុរសម្នាក់ ត្រូវបាន សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តបាត់ដំបង បានឃាត់ខ្លួន ក្រោយរូបគាត់បានប្រកាសថា «នឹងកម្ទេចប្រទេសកម្ពុជាតាមរយ: Tik Tok»។

យោងតាមស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានអោយដឹងថា បន្ទាប់ពីវីដេអូឃ្លីប របស់បុរសម្នាក់ ត្រូវបានផ្សព្វផ្សាយ លើបណ្ដាញទំនាក់ទំនងសង្គម facebook កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបើកការស៊ើបអង្កេត ស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបុរសនោះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានឈ្មោះ ចាន់ ទេវ: ភេទប្រុស កើតឆ្នាំ២០០០ និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តបាត់ដំបង។

បន្ទាប់ពីពិនិត្យសំណុំរឿង ព្រហ្មទណ្ឌរួចមក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូងខេត្តបាត់ដំបង បានសម្រេចចេញដីកាលេខ ១១០១ត.ព្រ បង្គាប់ឲ្យឃុំខ្លួន ឈ្មោះ ចាន់ ទេវ: នៅមណ្ឌលឃុំខ្លួនខេត្តបាត់ដំបង ដោយចោទប្រកាន់ពីបទ ញុះញង់ឲ្យមានការរើងអើង ប្រព្រឹត្តនៅចំណុចភូមិអូរតាតាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០៕