ភ្នំពេញ៖ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាជនជាតិបរទេស ពាក់ព័ន្ធករណីលួច។ ប្រតិបត្តិការបានធ្វើឡើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០នឹង៣០នាទី នៅចំណុចសណ្ឋាគារ NII SAIAI ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងនៅចំណុចមុខសណ្ឋាគារហ៊ីម៉ាវ៉ារី ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង១៩នឹង៤០នាទី។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ DANIEL ZACCANTI ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិអាហ្សង់ទីន មុខរបរមិនពិតប្រាកដស្នាក់នៅសណ្ឋាគារ NII SAIAI ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ទី២-ឈ្មោះ STUART BREAKELL ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ អង់គ្លេស មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារNII SAIAI ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី៣-ឈ្មោះ JAMIE LOUISEz RHODES ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិអង់គ្លេស មុខរបរគ្រូបង្រៀនស្នាក់នៅសណ្ឋាគារNII SAIAI ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកៈ រថយន្តមួយគ្រឿងម៉ាកតូយ៉ូតាឡិចស៊ីស RX៣០០ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ ២O-៦៥៣៧, ប្រអប់ដាក់កញ្ឆា, ក្រាមសថ្លា (Epsom Salt) កន្លះកញ្ចប់តូច,ទូរស័ព្ទដៃ ២គ្រឿង, កាបូបដៃពណ៌ផ្កាឈូក, ប្រាក់ដុល្លារចំនួន ១០ដុល្លារអាមេរិក, ប្រាក់រៀលចំនួន ១៣,០០០រៀល,កាបូបពណ៌ខ្មៅចំនួន០១ មានប្រាក់រៀលចំនួន១០,០០០រៀល, កាបូបស្ពាយម៉ាកBL ពណ៌ខ្មៅ ចំនួន១ មានកុំព្យូទ័រលេបថប់ចំនួន ២គ្រឿង, ដុំសាកថ្មទូរស័ព្ទដៃម៉ាក OPPO ចំនួន០១ ,កាស់សម្រាប់ស្តាប់សម្លេងម៉ាក OPPO ពណ៌ស ចំនួន០១ និងHeat Dese កុំព្យូទ័រម៉ាក VGREEN ពណ៌ខ្មៅ ចំនួន១,ខ្សែសាកថ្ម ចំនួន៣, ម៉ូនីទ័រ កុំព្យូទ័រម៉ាក Dell ពណ៌ខ្មៅ ចំនួន១គ្រឿង, ម៉ាស៊ីនព្រីនធឺម៉ាក Epson ពណ៌ខ្មៅ ចំនួន ១គ្រឿង,ម្សៅក្រាម ពណ៌សថ្លាមួយកញ្ចប់តូច និងបំពង់កែវតូច ចំនួន១៥០បំពង់, ទុយោជ័រ ចំនួន ៣ដើម, បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ៣, ដែកកេះអត់ក្បាលចំនួន១, សម្ភាៈប្រើប្រាស់ផ្ទាល់ខ្លួន ច្រកក្នុងថង់ពណ៌ខ្មៅចងមាត់ ចំនួន៣ថង់ធំ,កាបូបស្ពាយពណ៌ដី លាយខ្មៅ ច្រកសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ចំនួន ១, កាបូបស្ពាយចំហៀង (ស្រី) ពណ៌ខ្មៅ ដាក់សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ចំនួន១។
ជនរងគ្រោះឈ្មោះ នួន ភីរម្យ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១០អា ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់ទូរស័ព្ទ។ សម្ភារៈបាត់បង់ៈ ទូរស័ព្ទដៃម៉ាក អាយហ្វូន១១ ពណ៌ក្រហម និងនាឡិកាដៃម៉ាកហូវៃ GT2 ។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩នឹង៤០នាទី ជនសង្ស័យចំនួន០២នាក់ ជិះរថយន្តចំនួន ១គ្រឿង ម៉ាកតូយ៉ូតា ឡិចស៊ីស RX៣០០ ដឹកឈ្មោះ DANIEL ZACCANTI ធ្វើដំណើរមក ហាងលក់ទូរស័ព្ទដៃ របស់ជនរងគ្រោះ ដើម្បីរកទិញទូរស័ព្ទដៃ បន្ទាប់ពីមើលទូរស័ព្ទដៃ ដែលដាក់តាំងរួច ជនសង្ស័យ ក៏បានសុំលេខទូរស័ព្ទជនរងគ្រោះ ហើយក៏ជិះរថយន្ត ត្រឡប់ទៅវិញ បន្ទាប់មកជនសង្ស័យ បានផ្ញើសារតាមតេឡេក្រាម មកជនរងគ្រោះ ជាភាសាអង់គ្លេស ដោយប្រាប់ឲ្យជនរងគ្រោះ យកទូរស័ព្ទដៃម៉ាកអាយ ហ្វូន១១ ពណ៌ក្រហម និងនាឡិកាដៃម៉ាកហូវៃ GT2 មកឲ្យពួកគេនៅចំណុចកើតហេតុខាងលើ ពេលនោះជនរងគ្រោះ ក៏បានយកទូរស័ព្ទដៃទៅឲ្យជនសង្ស័យ នៅចំណុចកើតហេតុខាងលើ តាមការកម្មង់ ពេលទៅដល់ចំណុចកើតហេតុ ជនរងគ្រោះ ក៏បានជួបជនសង្ស័យឈ្មោះ DANIEL ZACCANTI នៅមុខសណ្ឋាគារ ហើយពេលនោះជនសង្ស័យឈ្មោះ DANIEL ZACCANTI បានប្រាប់ជនរងគ្រោះថា វាសុំយកទូរស័ព្ទដៃ យកទៅឲ្យមិត្តស្រី របស់វាមើលនៅក្នុងសណ្ឋាគារសិន ជនរងគ្រោះក៏ប្រគល់ថង់ដាក់ទូរស័ព្ទដៃ ឲ្យទៅជនសង្ស័យ ហើយជនសង្ស័យក៏បានកាន់ថង់ដាក់ទូរស័ព្ទដៃ ចូលទៅក្នុងសណ្ឋាគារ ជនរងគ្រោះក៏ដើរទៅតាមក្រោយ ប៉ុន្តែជនសង្ស័យ បានដើរយ៉ាងលឿន ហើយគេចទៅឡើងជិះរថយន្ត ដែលមាន ឈ្មោះ STUART BREAKELL បញ្ឆេះរង់ចាំជាស្រេច នៅកន្លែងចតរថយន្ត រួចឡើងជិះ រថយន្តគេចខ្លួនបាត់តែម្តង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕